ក្រសួងអប់រំប្តេជ្ញាលើកកម្ពស់សមត្ថភាព គ្រូបង្រៀន ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖


រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាជំរុញការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ផ្នែកវិស្វកម្ម និងវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីឲ្យមានមូលដ្ឋានកាន់តែច្បាស់ ក្នុងការបង្រៀនសិស្សឲ្យមានប្រសិទ្ធភាពឈានទៅរកការប្រកួតលើផ្នែកផ្សេងៗជាមួយសិស្សនៃបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។


ថ្លែងក្នុងកម្មវិធី មហាស្រពជាតិ លើកទី៥ ស្ដីពី វិស្វកម្ម និងវិទ្យាសាស្រ្តឆ្នាំ២០១៩ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងបានដាក់ចេញគោលនយោបាយលើកម្ពស់ការបណ្តុះបណ្តាលគ្រូខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពរបស់គ្រូក្នុងការបង្រៀនមុខវិជ្ជាទំាង២នេះទាំងនៅក្នុងសាលារៀនចំណេះទូទៅនិងនៅតាមសកលវិទ្យាល័យ ។


ឯកឧត្ដម រដ្ឋមន្រ្តីបញ្ជាក់ថា ការពង្រឹងការអប់រំលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីឲ្យសិស្សនិស្សិតមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ននេះ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន បានជំរុញឲ្យវិទ្យាល័យ និងសាកលវិទ្យាល័យនានាត្រូវពង្រឹងការអប់រំលើមុខជំនាញផ្នែកវិស្វកម្ម និងវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីសម្រេចទៅតាមទិសដៅរបស់រដ្ឋាភិបាលដែលបានកំណត់ក្នុងប្រទេកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០១៣០ខាងមុខ។
សូមបញ្ជាក់ថា ការបង្កើនធានមនុស្សអ្នកជំនាញវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត វិស្វកម្មប្រកបដោយគុណភាពខ្ពស់ គឺដើម្បីទាក់ទាញអ្នកវិនិយោគទុនផ្នែកអេឡេចត្រូនិច កម្មមន្តសាល និងឧស្សាហកម្មផ្សេងៗចូលមកប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានសក្តានុពលសម្រាប់តំបន់និងពិភពលោក៕