ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ការងារអប់រំជាវិស័យអាទិភាពនៅក្នុង​ការរួម​ចំណែកអភិវឌ្ឍន៍ប្រទេស

AKP កំពង់ធំ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមការ ងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង ខេត្ដកំពង់ធំ បានថ្លែងថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញ លេញការងារអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេស។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង៦បន្ទប់ និងពិធីបញ្ចុះបឋម សិលា ថ្មីកសាងអគារសិក្សាថ្មី១ខ្នងកម្ពស់២ជាន់ស្មើ១២បន្ទប់បន្ថែមដល់វិទ្យាល័យ ហ៊ុន សែន ចំណារលើ ស្ថិតនៅក្នុងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា ដើម្បីឱ្យអប់រំរឹងមាំនិងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយថាមពល និងចំណេះដឹងពិតប្រាកដ នោះ យើងត្រូវរួមគ្នាកសាងអគារសិក្សាឱ្យ​គ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីឱ្យធនធានដែល ជាអ្នកបន្តវេនពិសេសកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។ ឯកឧត្តមបានបន្ដថា ជាក់ ស្ដែងសមិទ្ធផលក្នុងវិស័យអប់រំដែលយើងរួមគ្នាសម្រេចជាបន្តបន្ទាប់នៅទូទាំងប្រទេសនេះស្ដែងចេញពីការខិតខំ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្ខិតសាលា រៀន ឱ្យនៅកាន់តែជិតបំផុតនឹងសិស្សានុសិស្ស ឱ្យកាន់តែមានភាពងាយស្រួល និងកាន់ តែមានឱកាសរៀនសូត្រដូចសិស្សទាំងអស់ផ្សេងៗទៀតតាមបំណងប្រាថ្នា។ ឯកឧត្តម ទេសាភិបាលបានបន្ដទៀតថា អ្វីដែលសំខាន់ចំពោះមុខគឺសិស្សម្នាក់ៗត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពសម្រាប់បន្តវេន និងរួមគ្នាការអភិវឌ្ឍ សេដ្ឋកិច្ចជាតិឱ្យកាន់រីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្ដម ជា ចាន់តូ ក៏នៅតែស្នើឱ្យប្រជាពលរដ្ឋត្រូវរួមសាមគ្គីគ្នាបន្ត ថែរក្សាការពារសមិទ្ធផលបានកសាងហើយ ពិសេសសុខសន្តិភាពដែលមានសព្វថ្ងៃ ឱ្យបាន គង់វង្សទើបផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលសម្រេចបានតាមគោលដៅ ព្រោះថា សុខ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្ដល់ឱកាសឱ្យយើងអាចអភិវឌ្ឍន៍ប្រទេស និងមានអ្វី គ្រប់យ៉ាងព្រមទាំងរស់នៅសុខសាន្តដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា អគារសិក្សាថ្មី១ខ្នង៦បន្ទប់ និងអគារសិក្សាថ្មី១ខ្នងកម្ពស់២ជាន់​ស្មើ១២បន្ទប់​ដែលបញ្ចុះបឋមសិលាកសាងបន្ថែមដល់វិទ្យាល័យហ៊ុន សែន ចំណារលើ នាពេលនេះ គឺអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ដែលជាកាឆ្លើយតបទៅនឹង កំណើនសិស្ស និងការរីកចម្រើនក្នុងតំបន់ នេះផងដែរ៕

ដោយ អ៊ុន រិទ្ធី