គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបង្ហាញសមិទ្ធផលឆ្នាំចាស់ និងដាក់ទិសដៅឆ្នាំ២០១៩​ដើម្បីឈានទៅធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំបូកសរុបការងារឆ្នាំ២០១៨ និងលើក ទិសដៅឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ ការរបស់ ខ្លួន ដោយបានបង្ហាញនូវសមិទ្ធផលធំៗជាប្រវតិ្តសាស្រ្ត ក្នុងឆ្នាំ២០១៨កន្លងទៅ ព្រមទាំង​បានដាក់ផែនការសម្រាប់ឆ្នាំថ្មី និងឈានឆ្ពោះទៅរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី​៣២ នាឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង តំណាងសហព័ន្ធកីឡាជាតិនានាផងដែរ។ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា ឆ្នាំ២០១៨ កន្លងទៅ គឺជាឆ្នាំជោគជ័យជាប្រវត្តិសាស្ត្រ បន្ថែមទៀត និងជាកំណត់ត្រាថ្មី សម្រាប់កីឡាជាតិ តាមរយៈលទ្ធផលនៃការដណ្តើមមេ ដាយ​មាស២គ្រឿង និងសំរឹទ្ធិ១គ្រឿងពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានជោគជ័យជាលើកដំបូងដែលរង់ចាំក្នុងរយៈពេល៦០ឆ្នាំ គឺមេ ដាយ​មាស១គ្រឿងពីកីឡាអាស៊ី ដោយវីរកីឡាការិនី ស៊ន សៀវម៉ី កាលពីឆ្នាំ២០១៤ នៅ សាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបានបញ្ជាក់ថា កាលពីឆ្នាំមុនបានបង្ហាញនូវឥទ្ធិពលនៃព្រឹត្តិ ការណ៍ពហុកីឡាជាតិ ដែលនេះគឺជាសមិទ្ធផល ដ៏ត្រចះត្រចង់នៃចលនាអូឡាំពិក និងវិស័យ​កីឡាជាតិ ដែលបានកើតចេញពីការខិតខំរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា សហ​ព័ន្ធ​កីឡាជាតិនានា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោម ស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបន្ដថា យើងទាំងអស់គ្នាគឺជាមហាគ្រួសារកីឡាជាតិ ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវលើជោគវាសនាកីឡាជាតិទៅថ្ងៃអនាគត ជាពិសេស លើការរៀបចំ ទទួលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តមបានបន្ថែមថា ទាំងអស់នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលបានខិតខំ ប្រកបដោយឆន្ទៈមុះមុត និងមោទនភាពបំផុត ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវឈ្វេងយល់ឱ្យ បាន​ស៊ីជម្រៅអំពីបញ្ហាប្រឈម ចំណុចខ្វះខាត និងឧបសគ្គនានា ដែលរាំងស្ទះដល់ដំណើរការ កសាងគុណភាព សមត្ថភាព និងឧត្តមភាពកីឡាឆ្ពោះទៅស៊ីហ្គេម ឆ្នាម២០២៣។

ឯកឧត្តមបានអះអាងថា ចាប់ពីពេលនេះតទៅ ត្រូវហ៊ាននិយាយពីការពិត ហ៊ានបកស្រាយ អាថ៌កំបាំងនានា ដោយនាំគ្នាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល គឺងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ដើម្បីធ្វើកំណែ​ទម្រង់ស៊ីជម្រៅវិស័យកីឡាឱ្យទទួលបានជោគជ័យ ដោយ“កែទម្រង់រស់ មិនកែទម្រង់ស្លាប់”៕

ដោយ ហេង ណាលីន