លោកជំទាវ តឹករ៉េត កំរង ទទួលជួបពិភាក្សាការងារជាមួយ ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរូម៉ានីប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម Valeriu Arteni ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរូម៉ានី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា  ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យ​ដឹងថា នៅក្នុងជំនួបពិភាក្សានេះ បានផ្តោតលម្អិតទៅលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរូម៉ានី។ នាឱកាសនោះ ឯកឧត្តម Valeriu Arteni ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរូម៉ានី បានកោតសរសើរ ចំពោះការអភិវឌ្ឍ និងកំណើន​សេដ្ឋកិច្ចជារាល់​រៀងឆ្នាំ​របស់កម្ពុជា ហើយឯកឧត្តម ក៏បាន លើកទឹកចិត្តឱ្យប្រទេសទាំងពីរធ្វើការសហការ និងស្វែងរកយន្តការនិងមធ្យោបាយនានា ក្នុងការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម និងពង្រឹង​ទំនាក់ទំនង​​​រវាងប្រទេស​ទាំងពីរ។

លោកជំទាវ តឹករ៉េត កំរង បានលើកឡើងពីកំណើន និងស្ថិរភាពសេដ្ឋកិច្ច-នយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ប្រទេសកម្ពុជាតែងតែលើកកម្ពស់ និងប្រកាន់ខ្ជាប់ នូវលទិ្ធប្រជាធិបតេយ្យសេរី ពុហបក្ស និងសិទិ្ធមនុស្ស ដូចមានចែងនៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវពង្រឹង ឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងសេចក្តីថ្លៃថ្នូរ។ លោកជំទាវ ក៏បានស្នើសុំឱ្យ ឯកឧត្តម ជួយជម្រាបជូនថ្នាក់ដឹកនាំរូម៉ានី និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ពីស្ថានភាពពិតប្រាកដរបស់កម្ពុជា មុននឹងធ្វើការវិនិច្ឆ័យ ឬសម្រេចចិត្តណាមួយ។

ឯកឧត្តមភារៈធារីនៃស្ថានទូតសាធារណរដ្ឋរូម៉ានីបានលើកឡើងថា ឯកឧត្តម នឹងផ្តល់ព័ត៌មាននេះជូនថ្នាក់ដឹកនាំរូម៉ានី ហើយឯកឧត្តមក៏បានលើកឡើងពីការរៀបចំពិធី ពិព័រណ៍អន្ដរជាតិរបស់រូម៉ានី ទៅលើទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជាពិសេស ទំនិញកសិកម្ម នៅពេលវេលាឆាប់ៗនាពេលខាងមុខនេះ។ ឯកឧត្តមនឹងអញ្ជើញភាគីកម្ពុជា ទៅចូលរួមពិធីពិព័រណ៍ផងដែរ ក្នុងគោលបំណងឱ្យវិស័យឯកជនកម្ពុជាអាចមានឱកាស ក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ហើយនឹងរៀបចំការផ្គូរផ្គងអាជីវកម្ម រវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម Valeriu ដែលបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរូម៉ានី។ លោកជំទាវ បានស្នើសុំឱ្យភាគីរូម៉ានី ផ្ញើលិខិតអញ្ជើញមកភាគីកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីកម្ពុជាមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំនិងអញ្ជើញវិស័យឯកជនឱ្យចូលកម្មវិធីពិព័រណ៍ ឱ្យបានទាន់ពេលវេលា ហើយលោកជំទាវ ក៏បានអញ្ជើញភាគីរូម៉ានីឱ្យចូលរួមកម្ម វិធីពិព័រណ៍ របស់កម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៩ខាងមុខនេះផងដែរ៕

ដោយ សាយ សុន (រូបថត៖ក្រសួងពាណិជ្ជកម្ម)