ក្រុមអភិរក្ស រកឃើញកូនសត្វត្រយងចង្កំកសចំនួន៦សំបុក ក្នុងដែនជម្រកសត្វព្រៃខេត្តរតនគិរី

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ កូនសត្វត្រយងចង្កំកសចំនួន៦សំបុក ត្រូវបានមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប និងមន្រ្តីឧទ្យានុរក្ស ប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរីដែល នេះជាសញ្ញាដែលបញ្ជាក់​ពីវត្តមានសត្វ​ស្លាបដ៏​កម្រនៅកម្ពុជា។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គ​ការជីវិតសត្វ​​ស្លាបប្រចាំ​កម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងចំណោមកូនសត្វត្រយង​ចង្កំកសទាំង​៦សំបុកនោះ គឺមានញាស់ជាបណ្តើរៗហើយ ដោយក្នុងនោះ មានកូនតូចចំនួន២ក្បាល បានចេះហើរដោយ​​ជោគជ័យ។

លោកបានបន្តថា៖«ការរកឃើញនេះ គឺជាសកម្មភាពដែលយើងធ្វើជាប្រចាំ នៅក្នុងដែនជម្រកសត្វ ព្រៃលំផាត់ហ្នឹង។ ឆ្នាំទៅក៏យើងបានរកឃើញ។ ឆ្នាំនេះក៏យើងបានរកឃើញ ប៉ុន្តែបើការប្រៀបធៀបជាមួយឆ្នាំទៅ នៅទីនេះគឺយើងបានរកឃើញតែ៦សំបុកទេ ហើយរដូវកាលរបស់វាក៏មិនទាន់ចប់ដែរ ឆ្នាំទៅយើងរកឃើញរហូតដល់ទៅ១៥សំបុក។ ចឹងយើងរង់ចាំមើលរហូតដល់ចុងរដូវកាល តើវាបាន១៥សំបុក ដូចមុនទៀតដែរអត់។ បើសិនជាវាមិនបានដល់ឆ្នាំក្រោយ នៅតែមិនបានទៀត យើងមានការព្រួយបារម្ភខ្លាចវាមានការថយចុះ»។

 

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តបានសហការជាមួយ​​អង្គការដៃគូពាក់ព័ន្ធជាច្រើន ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រួតពនិត្យអំពីសត្វត្រយងចង្កំកស ក៏ដូច​ជាសត្វព្រៃដទៃទៀត ។

លោកបញ្ជាក់ថា មន្ទីរបានរៀបចំវិធានការដើម្បីផ្សព្វផ្សាយនៅវិទ្យុជាតិក្នុងខេត្ត ដែលនិយាយពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដល់ប្រជាពលរដ្ឋទូទៅខេត្ត ក៏ដូចជាបណ្តាញ​សហគមន៍ទាំងអស់ឲ្យចូលរួមការពារ និងទប់ស្កាត់នូវការជួញដូរ និងបរបាញ់សត្វព្រៃ ជា​​ដើម​​។​​​​​​​

«ខ្ញុំនិយាយទៅដូចមានការកើនឡើងតែក៏មានប៉ុន្តែក៏មានកត្តាយាយីពីសំណាក់ជនខិលខូចមួយចំនួនដែលជួនកាលពួកគាត់ទៅកាប់ដើម្បីយកសត្វហ្នឹង ប៉ុន្តែយើងបានសហការជាមួយអជ្ញាធរមូលដ្ឋាន ក៏ដូចជាអង្គការBird Life ដែលជាដៃគូយើងបាននឹងកំពុងតែលើកិច្ចអភិរក្សនេះឲ្យកាន់តែប្រសើរឡើង»។

សូមបញ្ជាក់ថា សត្វត្រយ៉ងចង្កំកស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វ រងគ្រោះជិតផុតពូជបំផុត​នៅលើសាកលលោក ហើយបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា មានតិចជាង១ពាន់ក្បាលនៅលើពិភពលោក។ បច្ចុប្បន្ន ពពួកសត្វកម្រនេះ ត្រូវបានរកឃើញមានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ៕