រុស្ស៊ីមានឆន្ទៈជួយវៀតណាមក្នុងការបង្កើតរដ្ឋាភិបាលតាមលក្ខណៈអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​ — មន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា ប្រទេសរុស្ស៊ីមានឆន្ទៈជួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍវិស័យ    អេឡិចត្រូនិករបស់ខ្លួនតាមរយៈការផ្តល់ប្រឹក្សាដោយឥតគិតថ្លៃ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ។

លោក Mikhail Mamonov អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងទូរគមនាគមន៍រុស្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះនៅឯកិច្ចប្រជុំមួយ ជាមួយលោក Mai Tien Dung រដ្ឋមន្រ្តី និងជាប្រធានការិយាល័យ   រដ្ឋាភិបាល នៅទីក្រុងហាណូយកាលពីថ្ងៃទី២០ ខែកុម្ភៈ។

លោក Dung បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចាររវាងគណៈប្រតិភូរុស្ស៊ី និងភ្នាក់ងារវៀតណាម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គេនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ។

នៅមុននេះ គណៈប្រតិភូរុស្ស៊ីបានជួបប្រជុំជាមួយក្រសួងព័ត៌មាន និងទំនាក់ទំនងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងថ្នាក់ដឹកនាំក្រុមព័ត៌មានវិទ្យាប្រទេសវៀតណាម ដែលត្រូវបានបែងចែកក្រុមការងារជាបីក្រុម ដើម្បីពិភាក្សាជាមួយដៃគូវៀតណាមក្នុងវិស័យដែលមានការព្រួយបារម្ភរួមគ្នា។ ពួកគេបានសិក្សាទៅលើសំណើរបស់វៀតណាម ដែលទាក់ទងទៅនឹងសេវាកម្មសាធារណៈផតថល ប្រព័ន្ធផ្ទៀងផ្ទាត់ អេឡិចត្រូនិក មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណែត និងការកសាងទីក្រុងឆ្លាតវៃ។

លោកបានស្នើឱ្យរុស្ស៊ីជួយផ្គត់ផ្គង់ដល់វៀតណាមនូវព័ត៌មាន ស្តីពីក្របខ័ណ្ឌច្បាប់ សម្រាប់បង្កើតរដ្ឋាភិបាលមានលក្ខណៈអេឡិចត្រូនិក នឹងជួយបណ្តុះបណ្តាលដល់អ្នកជំនាញនៅក្នុងវិស័យនេះ។

សម្រាប់ប្រទេសរុស្ស៊ី លោក Mamonov បានដាក់ចេញនូវគម្រោងជាច្រើនដែលរុស្ស៊ីអាចចាប់ផ្តើមអនុវត្តន៍ភ្លាមៗ។ ក្នុងនោះរួមមានការផ្តល់ជូននូវសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធី នៃការគ្រប់គ្រងឯកសារ និងការធានាសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធអ៊ីនធឺណេត បង្កើតមជ្ឈមណ្ឌលសម្រាប់សុវត្ថិភាពព័ត៌មាននៅ វៀតណាម ជាមួយនឹងការចូលរួមពីក្រុមហ៊ុនអាជីវកម្ម និងគ្រឹះស្ថានបណ្ដុះបណ្ដាលរបស់រុស្ស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)