វៀតណាមចាត់ទុកអាហ្សង់ទីនជាដៃគូសំខាន់ជាងគេនៅតំបន់អាម៉េរិកឡាទីន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា វៀតណាមបានចាត់ទុកប្រទេសអាហ្សង់ទីនជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួននៅតំបន់អាម៉េរិកឡាទីន ហើយលោកសង្ឃឹមថា នឹងមានការពង្រឹង និងពង្រឹងភាពជាដៃគូដ៏ទូលំទូលាយជាមួយប្រទេសនេះ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ថ្នាក់ដឹកនាំ  រដ្ឋាភិបាលវៀតណាមរូបនេះបាននិយាយបន្ថែមទៀតថា ប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ និងស្រឡាញ់ប្រទេស និងប្រជាជនអាហ្សង់ទីន ដូចជាវិស័យបាល់ទាត់ ស្រា និងរបាំតង់ហ្គោ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក។

លោក Phuc ក៏បាននិយាយបន្ថែមថា លោករីករាយនឹងជួបជាមួយលោកប្រធានាធិបតី Macri ម្តងទៀត បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងប្រទេសកាណាដាកាលពីខែមិថុនា។ ក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីបានបន្តទទួលបានកិច្ចអភិវឌ្ឍន៍ជាក់ស្តែង និងមានប្រសិទ្ធភាព ហើយប្រទេសទាំងពីរបានចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធទាំងកម្រិតស្ថាប័នអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសកម្រិតអង្គការសហប្រជាជាតិតែម្តង។

លោក Macri បានអះអាងថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី៥ របស់អាហ្សង់ទីននៅក្នុងពិភពលោក និងជាប្រទេសស្ថិតនៅលំដាប់ទីពីរនៅអាស៊ី ហើយលោកបានសម្តែងនូវការកោតសរសើរចំពោះភាពជឿនលឿន និងកំណើនសេដ្ឋកិច្ចក៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម។

លោកប្រធានាធិបតីបាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាមគួរតែផលិតអាហារឱ្យកាន់តែច្រើនបន្ថែមទៀត ហើយអាហ្សង់ទីនមានបទពិសោធន៍ល្អ និងបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យនេះ។ ក្រៅពី    វិស័យកសិកម្ម លោក Macri ក៏បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរអាចបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)