អាជ្ញាធរឃុំព្រែកក្របៅ ពង្រីកបន្ថែម ទំនប់បង្ហៀរមួយកន្លែងដើម្បីស្តុកទឹកបម្រើការងារកសិកម្ម

វិទ្យុជាតិកម្ពុជា លោក ហោ សេងគ្រី៖

អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្តជួសជុល និងពង្រីកបន្ថែម នូវទំនប់បង្ហៀរមួយកន្លែង ដែលគ្រោងចំណាយថវិកាចំនួន ១២ម៉ឺនដុល្លារ ជាជំនួយរបស់អង្គការស្ពានហូឡង់ និងជាថវិកាបដិភាគរបស់ឃុំព្រែកក្របៅ ដើម្បីឲ្យមានសមត្ថភាពអាចផ្ទុកទឹក ធានាដល់ការស្រោចស្រពលើផ្ទៃដីស្រែប្រមាណ១.០០០ ហិកតានិងថែរក្សាព្រៃលិចទឹកជាជម្រកត្រី ឲ្យបាននៅគង់វង្ស ។


លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅបានឲ្យដឹងថា យើងសង់បន្ថែមភ្ជាប់ទំនប់បង្ហៀរចាស់ដែលបានសង់កាលពីឆ្នាំ១៩៩៨ ឈ្មោះ«ទំនប់ក្តាក់»មានស្រាប់ប្រវែង ៥០ ម៉ែត្រ ឲ្យបានប្រវែងសរុបចំនួន ៨០ ម៉ែត្រ និងសង់ផ្លូវជាប់ក្បាលទំនប់សងខាងប្រវែងជិត១.០០០ ម៉ែត្រ ដើម្បីភ្ជាប់ជាមួយប្រព័ន្ធផ្លូវដទៃ។ ដោយប្រើប្រាស់អាចម៍ដីពីស្រះទឹកឈ្មោះ«តាលាវ»ជាដីកម្មសិទ្ធរបស់ឃុំចម្ងាយប្រហែលមួយគីឡូម៉ែត្រពីទំនប់នេះ។លោកបន្តថា ទំនប់មួយនេះក្រោយពីជួសជុល និងសាងសង់ហើយរួចរាល់នោះ គឺនឹងមានសក្តានុពលអាចធានាទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំង និងស្រូវវស្សារបស់ប្រជាពលរដ្ឋក្នុងភូមិគោលដៅចំនួន បួន មាន: ភូមិអណ្តូងតាអុង, ភូមិអូរកណ្តោល , ភូមិព្រែកក្របៅ និងពាមក្នុង ព្រមទាំងភូមិរណបចំនួនបីផ្សេងទៀតមាន: ភូមិចម្ការឪឡឹក,. ភូមិទឹកចេញ និងភូមិអណ្តូងដៃ។

លោក កុកគង់ បានឲ្យដឹងបន្ថែមថា បញ្ហាដែលខាងលោកបានខិតខំកៀងគរពីម្ចាស់ជំនួយអង្គការស្ពានហូឡង់ចំនួន ១០ម៉ឺន ដុល្លារអាមេរិក និងថវិកាបដិភាគចំនួន ពីរម៉ឺន ដុល្លារអាមេរិកពីសប្បុរសជនជាច្រើននោះគឺដោយសារទំនប់នេះ ក្រៅពីផ្តល់សក្តានុពលលើដំណាំស្រូវរដូវប្រាំងប្រហែល ៦០ ភាគរយ និងស្រូវរដូវវស្សាប្រហែល ៤០ ភាគរយនោះ ក៏ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងផ្សេងទៀតដូចជា រក្សាទឹកក្នុងទំនប់បានខួបប្រាំង និងវស្សា ថែរក្សាបានដី និងព្រៃលិចទឹក បាននៅគង់វង្ស ពិសេសរក្សាបានត្រី សម្រាប់ប្រជាពលរដ្ឋនេសាទជាលក្ខណ:គ្រួសារ។
លោក ឆុន ឆាន ជាកសិកររស់នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅបានឲ្យដឹងថា លោកមានផ្ទៃដីស្រែប្រាំង និងស្រែវស្សា មួយហិកតាកន្លះ នៅចម្ងាយប្រហែល១០០ម៉ែត្រពីទំនប់បង្ហៀរក្តាក់ ដែលមានសមត្ថភាព អាចផ្ទុកទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំងបានចំនួនពីរដង ។ រយៈពេលកន្លងមក ស្ទើររាល់ឆ្នាំគ្រួសារលោក ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតបានចំណាយថវិកា ជីកអណ្តូង ទិញម៉ាស៊ីនបូម និងទុយោអស់ជាច្រើនលានរៀល ដើម្បីយកទឹកធ្វើស្រែប្រាំង ចំនួនមួយលើកនោះ៕