មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថា អឺរ៉ុបនៅតែជាប្រទេសដែលផ្តល់ជំនួយឥតសំណងធំជាងគេនៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ ដោយ ទុយ សូលីដា៖


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថា អឺរ៉ុបនៅតែជាប្រទេសដែលផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេសម្រាប់គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់ឲ្យអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍តាមដានវឌ្ឍនភាព លើកទី២ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩នេះ សហគមន៍អឺរ៉ុប បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបប្រមាណ១.១៣០លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងប្រមាណ៨១៨លានដុល្លារ និងឥណទានសម្បទានប្រមាណ៣១១លានដុល្លារ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា បានឲ្យដឹងថា រាជរដ្ឋាភិបាល និងដៃគូអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្ររួមនេះ តាមរយៈវឌ្ឍនភាពនៃវិស័យអាទិភាពទាំង៥ រួមមាន៖ វិស័យអភិបាលកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងចីរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារនិងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តម បានបន្តថា ផ្អែកលើលទ្ធផលទាំងនេះ ដៃគូអឺរ៉ុបបានសម្រេចរៀបចំយុទ្ធសាស្រ្តរួម៥ឆ្នាំ ដំណាក់កាលទី ២ ដែលនឹងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍តាមដានវឌ្ឍនភាពលើកទី២រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រទេសនៃសហគមន៍អឺរ៉ុបនេះ បានពិនិត្យទៅលើសង្គតិភាពនៃការគាំទ្ររបស់ដៃគូអឺរ៉ុបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិនិត្យអំពីការផ្សារភ្ជាប់រវាងយុទ្ធសាស្រ្តរួមអឺរ៉ុប ជាមួយនឹងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងការជំរុញភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍៕