ហេដ្ឋារចនាសម្ព័ន្ធនានាដែលបំរើឲ្យបុណ្យទន្លេក្នុងខេត្តកំពង់ឆ្នាំងសម្រេចបានជាង៨០ភាគរយ

វិទ្យុជាតិកម្ពុជា ៖  ដោយ  អ៊ី  កនិកា៖
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា មកដល់ពេលនេះហេដ្ឋរចនាសម្ព័ន្ធនានាដែលបំរើឲ្យការរៀបចំពិធីបុណ្យទន្លេនៅខែមីនាខាងមុខនេះ សម្រេចបានជាង៨០ភាគរយ ហើយដោយគ្រោងរៀបចំឲ្យចប់រួចរាល់នៅដើមខែមីនាខាងមុខ។

អភិបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា ក្រុមការងារជំនាញនៅតាមផ្នែកនីមួយៗ កំពុងមមាញឹកពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅកន្លែងប្រារព្ធពិធីឲ្យចប់រួចរាល់នៅមុនមួយសប្តាហ៍នៃពិធីបុណ្យទន្លេ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

     ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមការងារជំនាញ កំពុងកែលម្អការងារដែលសេសសល ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចិញ្ចិមផ្លូវ សួនច្បារ  អនាម័យបរិស្ថាន បង់អង្គុយលេងសម្រាប់អ្នកទៅទស្សនា ការតុបតែងលម្អសោភ័ណភាពគ្រោងទ្វារ ភ្លើងពណ៌តាមចិញ្ចិមផ្លូវ និងការតុបតែងភ្លើងនៅតាមដើមឈើជាដើម។

សម្លេង« «ក្នុងនាមអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តមន្ត្រីរាជការទាំងអស់ មានសេចក្តីសប្បាយរីករាយក្រៃលែងអរគុណសម្តេចតេជោសែន ឲ្យធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេ ជាលើកទី៥ មោទៈភាពជាសំខាន់នេះយើងខ្ញុំបានប្រុងប្រៀបតំាងពី១ឆ្នាំមុនហើយ ពិធីបុណ្យទន្លេមានខេត្តជាប់នឹងទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គ បុណ្យទន្លេនេះជួយដល់ខេត្តកំពង់ឆ្នាំងឲ្យមានការអភិវឌ្ឍន៍ច្រើន »។

ឯកឧត្តមអភិបាលខេត្តបានអះអាងថា ពិធីបុណ្យទន្លេដែលរៀបចំនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ នឹងមានលក្ខណៈប្លែកអស្ចារ្យជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តបានកាន់តែច្រើន តាមរយះមានកម្មវិធីកម្សាន្តសំខាន់ៗចំនួន១១ ពាក់ព័ន្ធទៅនឹងកីឡា ពិព័រណ៍ពាណិជ្ជកម្មផលិតផល ម្ហូបអាហារ ការដំាដើមឈើ និងកម្មវិធីសម្តែងសិល្បៈបុរាណសម័យជាដើម។ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅលេងបុណ្យទន្លេនេះឲ្យបានកាន់តែច្រើន ព្រោះអាជ្ញាធរខេត្តបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ រួមជាមួយនឹងការណែនាំដល់ អាជីវករដូចជាសណ្ឋាគារ ភោជនីយដ្ឋាន មិន អនុញ្ញត ឲ្យដំឡើងថ្លែពេក កុំឲ្យប៉ះពាល់ដល់អ្នកទៅទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ។ 

សូមបញ្ជាក់ថា សម្រា់ប់បុណ្យទន្លេលើកទី១នៅឆ្នាំ២០១៥ស្ថិតក្នុងខេត្តក្រចេះ លើទី២នៅខេត្តកំពង់ចាម លើកទី៣នៅខេត្តស្ទឹងត្រែង លើកទី៤នៅខេត្តកណ្តាល ខណៈលើកទី៥នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា៕