ក្រសួងសុខាភិបាលក្រើនរំលឹកឲ្យអ្នកម្តាយគ្រប់រូបផ្តល់អាហារូបត្ថម្ភដល់ទារក និងកុមារក្នុងអំឡុងពេល១ពាន់ថ្ងៃដំបូង

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់អ្នកម្តាយទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម​ទៀតក្នុងការ​ផ្តល់អាហារូបត្ថម្ភក្នុងអំឡុងពេល១ពាន់ថ្ងៃដំបូងដើម្បីឲ្យទារកនិងកុមារទទួលបានការលូតលាស់ពេញមួយជីវិត។

លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកបានណែនាំដល់ស្ត្រីមានផ្ទៃពោះ​ទាំង​អស់ត្រូវបរិភោគចំណីអាហារ បន្លែផ្លែឈើនិងត្រីសាច់ឲ្យបានគ្រប់គ្រាន់ដើម្បីចិញ្ចឹម​ទារកនៅក្នុងផ្ទៃឲ្យ​ទទួលបាន​សុខ​ភាពល្អ កំលាំងមាំមួននិងប្រាជ្ញាវាងវៃ។ ជាមួយគ្នានេះដែរត្រូវបរិភោគជាតិដែកឲ្យបានគ្រប់ចំនួន ត្រូវទៅសម្រាល​កូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ត្រូវបំបៅដោះកូនដោយទឹកដោះម្តាយតែមួយគត់ ផ្តល់អាហារបំប៉ន​គ្រប់គ្រឿង​ពេលកុមារមានអាយុ៦ខែនិងនាំកុមារទៅទទួលវ៉ាក់សាំងបង្ការជំងឺ១១មុខដើម្បីឲ្យកុមារលូតលាស់​បាន​ល្អនិងជៀស​វាងពីការឆ្លងជំងឺដង្កាត់ផ្សេងៗ។

ការក្រើនរំលឹកនេះបានធ្វើឡើងបន្ទាប់ពីមានអ្នកម្តាយមួយចំនួននៅមិនទាន់មានការយល់ដឹងពីសារៈសំខា ន់ក្នុងការផ្តល់​អាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះនិងពីរបៀបនៃការចិញ្ចឹមបីបាច់រក្សាកូនឲ្យបានល្អប្រសើរនៅឡើយទេពិសេសមានស្ត្រីខ្លះបានតមចំណីអាហារនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលជាហេតុធ្វើប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាអត្រាស្លាប់របស់ស្ត្រីសម្រាលកូននៅកម្ពុជាបានធ្លាក់ចុះពី៤៦០នាក់ក្នុងចំណោម១០ម៉ឺនកំណើតរស់នៅឆ្នាំ២០០៨ មកនៅត្រឹម១៧០នាក់ក្នុងឆ្នាំ២០១៤កន្លងទៅនេះ៕