ប្រមុខរាជរដ្ឋាភិបាល ជំរុញអោយភាគីពាក់ព័ន្ធបង្កើនការដាំដំណាំជាលក្ខណៈឧស្សាហកម្ម

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជួន បូណា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យភាគីពាក់ព័ន្ធបង្កើនការដាំដុះដំណាំជាលក្ខណៈឧស្សាហកម្ម ដើម្បីផ្គត់ផ្គង់បន្លែផ្លែឈើនៅលើទីផ្សារដែលកំពុងមានការខ្វះខាត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វិស័យកម្មសិកម្ម គឺមិនសំដៅតែទៅលើវិស័យកសិកម្មស្រូវតែមួយមុខនោះទេ គឺត្រូវតែធ្វើពហុវិស័យក្នុងអនុវិស័យផ្សេងៗទៀតដែលជាដំណាំបម្រើអោយវត្ថុធាតុដើមផង និងការផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋផង ។
សម្ដេចតេជោបន្ដថា ដើម្បីផ្គត់ផ្គង់ដំណាំដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន ទាល់តែពង្រីកផ្ទៃដីដាំដុះ និងដាំដំណាំណាដែលកំពុងមានការខ្វះខាត ហើយជាតម្រូវការខ្ពស់របស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
សម្តេចតេជោ៖ «យើងអាចប្រែក្លាយដីពីការដាំដុះ ក្នុងការផលិតស្រូវប្រើទឹកច្រើន តែបានផលតិច មកជាការផលិតការដាំដំណាំបន្លែវិញ ដើម្បីផ្គត់ផ្គង់បន្លែបង្កានៅលើទីផ្សារ ដែលកំពុងខ្វះខាត កុំភ្លេចថា សព្វថ្ងៃនេះបន្លែផ្លែឈើនៅប្រទេសរបស់យើងមិនទាន់គ្រប់គ្រាន់ បម្រើឲ្យទេសចរ៦លាន២សែននាក់ និងទេសចរក្នុងស្រុករាប់លាននាក់ដើរលេង»។
ជាមួយគ្នានេះ សម្ដេចតេជោក៏អំពាវនាវឲ្យមន្ទីទេសចរណ៍ និងកន្លែងទេសចរណ៍ ផ្សេងៗទៀត ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យបានច្រើន កុំរង់ចាំតែភ្ញៀវទេសចរបរទេស ខណៈដែល មានសេដ្ឋកិច្ចខ្ពស់ ដែលធ្វើឲ្យពួកគេអាចចំណាយច្រើនជាងភ្ញៀវបរទេសទៅទៀត៕