ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាស្របពេលប្រាក់ខែកម្មករ កម្មការិនីបានឡើងជាបន្តបន្ទាប់​ រាជរដ្ឋាភិបាលក៏ត្រូវខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា អត្ថបទ៖ ប៉ុង សុភាវី ៖

ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាស្របពេលប្រាក់ខែកម្មករ កម្មការិនី បានឡើងជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាលក៏ត្រូវខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីកុំអោយប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងបែបនេះក្នុងឪកាស់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៩នេះ ។
សម្តេច តេជោ ហ៊ុន សែនបានបន្តថា ប្រាក់ខែកម្មករ កម្មការិនីបានឡើង ជាបន្តបន្ទាប់នេះគឺបានមកពីការខិតខំទាំងអស់គ្នាដែលចំណុចនេះផ្ដល់ឱកាស ឱ្យក្មួយក្មួយជាកម្មករ កម្មការិនីរបស់យើង បានទទួលការងារធ្វើផង និងមានកំណើនប្រាក់ចំណូលជាប្រចាំផងដែរ។
សម្លេង៖ ឆ្នាំ២០១៧ឡើង១៧០ដុល្លារ ឥលូវនេះគឺយើងបានអនុវត្តគឺ១៨២ដុល្លារសហរដ្ឋអាមេរិកដែលជាកំណើនមួយនៃប្រាក់ចំណូលសម្រាប់ក្មួយក្មួយជាកម្មករ កម្មការិនី របស់យើងតែនេះបានមកពីអ្វីទៅ បានមកពីការខិតខំទាំងអស់គ្នារបស់យើង ដែលចំណុចនេះផ្ដល់ឱកាស ឱ្យក្មួយក្មួយជាកម្មករ កម្មការិនីរបស់យើង បានទទួលការងារធ្វើផង និងមានកំណើនប្រាក់ចំណូលជាប្រចាំផងដែរ។ ប៉ុន្តែរាជរដ្ឋាភិ បាល មិនមែនគ្រាន់តែផ្ដោតការយកចិត្តទុកដាក់តែមួយមុខ ទៅលើបញ្ហាកំណើនបៀវត្សរបស់កម្មករ កម្មការិនីប៉ុណ្ណោះទេ អ្វីដែលជាសេចក្ដីត្រូវការធំជាងនេះ រាជរដ្ឋាភិបាលត្រូវខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ដើម្បីរក្សាកម្លាំងទិញរបស់ប្រាក់ ដែលបានផ្ដល់នូវការដំឡើងបៀវត្ស សម្រាប់កម្មករ កម្មការិនី ក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង។ យើងខិតខំរក្សាធ្វើយ៉ាងណាកុំឲ្យតម្លៃទំនិញនៅលើទីផ្សារ ឡើងទៅលើសពីអ្វីដែលប្រាក់បៀវត្សបានកើត បើសិនជាប្រាក់បៀវត្សកើន តម្លៃទំនិញក៏វាកើនឡើងទៅជាមួយនោះ គឺមិនមានន័យថា យើងបានបង្កើតបៀវត្សឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនី របស់យើងទេ ដូច្នេះបានជាយើងមានការប្រុងប្រយ័ត្នខ្លាំងណាស់ ជាមួយការយកចិត្តទុកដាក់ទៅលើស្ថេរភាពខាងនយោបាយរាជរដ្ឋាភិបាល ក៏ត្រូវតែខិតខំដើម្បីរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ដើម្បីធានាកម្លាំងទិញ នៃប្រាក់ដែលបានត្រូវបានបង្កើត៕