ចិនសង្ឃឹមថា អ៊ីរ៉ង់នឹងដើរតួនាទីប្រកបដោយការស្ថាបនាថែមទៀតក្នុងកិច្ចការតំបន់   

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ  ឆ្នាំ២០១៩ — សមាជិកក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi ) កាលពីថ្ងៃអង្គារបាន ជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ ( Mohammad Javad zarif )។

លោក វ៉ាង បាននិយាយថា ចិនឱ្យតម្លៃតួនាទីរបស់អ៊ីរ៉ង់នៅក្នុងកិច្ចការតំបន់ និងសង្ឃឹមថា អ៊ីរ៉ង់នឹង មានតួនាទីប្រកបដោយការស្ថាបនាមួយថែមទៀតនៅក្នុងកិច្ចការបែបនេះ ។

លោក វ៉ាង បាននិយាយថា ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងពិភពលោកកំពុងមានការផ្លាស់ប្តូរ យ៉ាងសំខាន់​ហើយទំនាក់ទំនង រវាងចិននិងអ៊ីរ៉ង់ក៏កំពុងប្រឈមមុខនឹងស្ថានការណ៍ថ្មីមួយផងដែរ ។

លោក ហ្សារីហ្វ បាននិយាយថា ភាគីអ៊ីរ៉ង់វាយតម្លៃខ្ពស់ភាពជាដៃគូជាមួយចិននឹងចាត់ទុកប្រទេស ចិនថា ជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់គ្រប់ជុ្រងជ្រោយ ។

លោក ហ្សារីហ្វ ដែលកំពុងអមដំណើរប្រធានសភាអ៊ីរ៉ង់លោក អាលី ឡារីហ្សានី ( Ali Larijani ) ក្នុងទស្សនកិច្ចមួយនៅប្រទេសចិនបាននិយាយថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនៅចិនដែលកំពុង ប្រព្រឹត្តទៅរបស់ប្រធានសភានេះនឹងជំរុញចំណងទាក់ទងទ្វេភាគីឱ្យទៅដល់ដល់ដំណាក់កាលថ្មីមួយ ។

លោក ហ្សារីហ្វ បានសម្តែងនូវឆន្ទៈយ៉ាងសកម្មដើម្បីចូលរួមនៅក្នុងការស្ថាបនាខ្សែក្រវ៉ាត់និង ផ្លូវដោយនិយាយថា ការផ្តួចផ្តើមគំនិតនេះ មានសារៈសំខាន់ជាពិសេសដល់អ៊ីរ៉ង់និងចិន ។

លោកបាននិយាយថា​ ភាគីអ៊ីរ៉ង់ស្វាគមន៍តួនាទីយ៉ាងសំខាន់ថែមទៀត របស់ប្រទេសចិន នៅក្នុង បញ្ហាដែលមានជាប់ទាក់ទងដល់តំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាស៊ីរី , ការស្ថាបនាអ៊ីរ៉ង់ឡើងវិញ ព្រមទាំងដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថានជាដើម ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ស្តីពីផែនការសកម្មភាពដ៏ទូលំទូលាយរួម , កិច្ចព្រម ព្រៀងអន្តរជាតិមួយពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានសម្រេចក្នុងឆ្នាំ ២០១៥ ដោយនិយាយថា ប្រទេស ទាំងពីរនឹងបន្តពង្រឹងការទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើកិច្ចប្រឹងប្រែងយ៉ាងសកម្ម ដើម្បី ការពារសិទ្ធិនិងផលប្រយោជន៍អនុវត្តន៍កិច្ចព្រមព្រៀងនេះ ហើយនឹងការពារច្បាប់ពហុភាគី  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )