កិច្ចពិភាក្សាបន្ទាប់ស្តីពីពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ និងសុក្រខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា កិច្ចចរចាបន្ទាប់ស្តីពីពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ និងសុក្រ ខាងមុខនេះ។

យោងតាមក្រសួងនេះបានឱ្យដឹងថា កិច្ចប្រជុំលើកទី៧ នៃកិច្ចចរចានេះនឹងត្រូវចូលរួមដោយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ខណៈដែលសហរដ្ឋអាមេរិកនឹងត្រូវតំណាងដោយលោក Steven Mnuchin លេខាធិការរតនាគារ និងអ្នកតំណាងពាណិជ្ជកម្ម លោក Robert Lighthizer ។

យោងតាមលេខាធិការសារព័ត៌មានរបស់សេតវិមាន លោកស្រី Sarah Sanders បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់បឋមចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយក្នុងពេលជាមួយគ្នានេះដែរ លោកស្រីបានបញ្ជាក់ថា កិច្ចចរចានៅកម្រិតខ្ពស់នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កាលពីលើកមុនបានធ្វើឡើងកាលពីថ្ងៃទី ១៤ និងទី១៥ ខែកុម្ភៈ។ យោងទៅតាមសេតវិមានបានឱ្យដឹងថា ភាគីនានាបានឈានដល់ការរីកចម្រើនខ្លះៗក្នុងអំឡុងពេលនៃកិច្ចចរចា ប៉ុន្តែនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)