មន្ទីរធនធានទឹកខេត្ដកោះកុង ដឹកនាំក្រុមការងារអន្ដរាគមន៍ផ្គត់ផ្គង់ទឹកចែកជូនប្រជាពលរដ្ឋ​ចំនួន៤ភូមិ ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

AKP កោះកុង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ -លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានដឹកនាំក្រុម​ការងារអន្តរាគមន៍ដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ក្នុងខេត្ដ​កោះកុង ខណៈបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់។ ការ ចែក​ចាយទឹកជូនប្រជាពលរដ្ឋនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។

បើតាមលោក សាញ់ មុន្នីរ័ត្ន បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងភូមិ៤ សង្កាត់​ដងទង់ ក្រុងខេមរភូមិន្ទ បានទទួលការផ្គត់ផ្គង់ទឹកស្អាតឡើងវិញហើយ បន្ទាប់ពីមន្ទីរ និង​អង្គភាពជំនាញរបស់ខេត្ត បានទាញយកប្រភពទឹកថ្មីមកផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ជំនួស​ឱ្យប្រភពទឹកចាស់ដែលបានគោករីង។ លោកប្រធានមន្ទីរបន្តថា ទន្ទឹមការទទួលបាន ការផ្គត់​ផ្គង់ទឹកស្អាតឡើងវិញនេះ ការអន្តរាគមន៍ដឹកទឹកចែកជូនប្រជាពលរដ្ឋ សម្រាប់ការ ប្រើប្រាស់ ជាបណ្តោះអាសន្ន ក៏ត្រូវបានផ្អាកផងដែរ។ លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹង​ការយក ចិត្តទុកដាក់ជួយសង្គ្រោះក្នុងគ្រាលំបាកនាពេលកន្លងមក ប្រជាពលរដ្ឋដែល​រស់នៅ​ក្នុងភូមិ​ចំនួន៤ទាំងមូល តាមរយៈមន្ទីរធនធានទឹកខេត្ដ ក៏បានគោរពថ្លៃងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ​ទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់បណ្តោះអាសន្ន​ក្នុងភូមិឋាន​របស់​​ពួកគាត់ រហូតដល់បានទទួលការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ ។

គួររម្លឹកថា ក្រុងខេមរភូមិន្ទ ក្នុងខេត្ដកោះកុង បានប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើ​ប្រាស់ ស្របពេលដែលអាងទឹកតាប៉ន គឺជាប្រភពទឹកដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យការ​ផលិត​ទឹកស្អាត ចាប់ផ្តើមរីងស្ងួត។ ទន្ទឹមនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ និងអង្គភាពជំនាញ កំពុង​ទាញយកទឹកពីអាងទឹកមួយកន្លែងទៀត ស្ថិតនៅក្រោយព្រលានយន្តហោះ មកផ្គត់ផ្គង់ឱ្យការ ផលិតជំនួសវិញ ។

លោកប្រធានមន្ទីរធនធានទឹកក៏បានបន្ថែមថា ការប្រឈមការខ្វះខាតទឹកខាងលើ តំបន់​មួយចំនួនក្នុងក្រុង ត្រូវបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ក្នុងនោះ​ក៏មានភូមិ០៤ នៃសង្កាត់ដងទង់ផងដែរ។ ជាមួយគ្នានេះ ពិនិត្យឃើញបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំ និងបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បញ្ចេញរថយន្តដឹកទឹកដែលក្រសួងបានផ្តល់ឱ្យសម្រាប់ត្រៀម ចូលរួមដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក ដើម្បីដឹកទឹកចែក ជូនប្រជាពលរដ្ឋនៅតំបន់នោះ។ លោកបានគូសបញ្ជាក់ថា ការដឹកទឹកចែកចាយនេះ បានធ្វើ​ឡើងចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈមកម្លេះ ហើយមន្ទីរធនធានទឹក នឹងបន្តដឹករហូតដល់ប្រជា​ពលរដ្ឋនៅតំបន់នោះ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ៕

ដោយ អ៊ុន រិទ្ធី(ប្រភព៖ ក្រសួងធនធានទឹក)