អភិបាលបាត់ដំបង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ នៅស្រុកបវេល

AKP បាត់ដំបង ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ១៥៥ក្បាលដីនៅក្នុងភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា នៅខេត្តបាត់ដំបង បញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃយ៉ាងច្រើន ចាប់ពីឆ្នាំ១៩៩៨ – ២០០០ ហើយបានបញ្ចប់នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃទាំងនេះបាន តាមរយៈការយោគយល់គ្នានៃភាគីទាំងសងខាង មកជួបមុខគ្នា និយាយចរចា ដើម្បីដោះស្រាយឱ្យចប់ ដោយមានកិច្ចសម្របសម្រួលរបស់គណៈកម្មការដោះស្រាយបញ្ហាដីធ្លីនៃសាលាខេត្តបាត់ដំបង ។ ឯកឧត្តមបានបន្តថា យន្តការដោះស្រាយរបៀបនេះ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកមានទំនាស់ដីធ្លីផ្សេងៗ រកគន្លឹះមួយសមស្រប ដើម្បីធ្វើការដោះស្រាយឱ្យ បាន ត្រឹមត្រូវ មានតម្លាភាព ហើយដែកភាគីទាំងពីរទទួលយកបាន ។

ចំពោះ ភូមិទួលស្នួល មានវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដ៏រ៉ាំរ៉ៃ តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៨ មានរយៈពេល ១៥ឆ្នាំហើយ ។ បញ្ហានេះត្រូវបានដោះស្រាយបញ្ចប់កាលពីចុងឆ្នាំ២០១៨ ដោយមានកិច្ចសម្របសម្រួលរបស់ ឯកឧត្តម អភិបាលខេត្ត និងគណ:កម្មការដោះស្រាយទំនាស់ដីធ្លីខេត្ត ព្រមទាំងមន្ទីរជំនាញ ដោះស្រាយទើបភាគីទាំងសងខាង បានសម្រេចសម្របសម្រួលគ្នា ដោយភាគីខ្លះព្រមទទួលយកដី និងភាគីខ្លះព្រមទទួលយកថវិកាដើម្បីបញ្ចប់ទំនាស់ ហើយទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នេះ ៕

ដោយ ណយ នឿន (ប្រភព រដ្ឋាលខេត្តបាត់ដំបង)