ភ្ញៀវទេសចរបរទេសមានការ​ចាប់​អារម្មណ៍ នឹង​ពិធីបុណ្យមាឃបូជារបស់ក​ម្ពុជា

AKP សៀមរាប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ -ភ្ញៀវទេសចរបរទេសដែលបាន​មកទស្សនាពិធីដង្ហែក្បួនមាឃបូជា នៅ​ខេត្តសៀមរាប​បាន​សម្តែង​ការ​ចាប់អារម្មណ៍​ទៅ​លើពិធីបុណ្យសាសនាមួយនេះ ដោយពួកគេ​យល់ថា នេះជា​ពិធីបុណ្យសាសនាដ៏ធំមួយដែល​ពួកគេធ្លាប់បាន​ជួបកន្លងមក។

លោក ប៉ាវ ឡូ ជា​ភ្ញៀវទេសចរ​ម្នាក់​មក​ពីប្រទេសអ៊ីតាលី ដែលបាន​ទៅទស្សនាពិធីដង្ហែក្បួនមាឃបូជា នៅ​វត្តដំណាក់ ​ខេត្តសៀមរាប​កាល​ពី​រសៀល​ថ្ងៃអង្គារ ១៥កើតខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៩ ខែកុម្ភៈ ​ឆ្នាំ២០១៩ បាន​ថ្លែង​ថា លោកពិតជាមាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​មក​ទស្សនា ​និង​ឈ្វេង​យល់​ពី​ទំនៀម​ទម្លាប់ និងពិធីបុណ្យ​សាសនាដ៏ធំមួយរបស់​កម្ពុជា​។ លោកបន្តថា កាល​ពី​ព្រឹក​លោកបានទៅទស្សនា​ប្រាសាទ​អង្គរវត្ត​ ហើយថ្ងៃរសៀលនេះលោកបាន​មក​ឈ្វេងយល់​ពីពិធីបុណ្យមាឃបូជានេះទៀត ឃើញថា វប្បធម៌ ទំនៀមទម្លាប់ និងការគោរពប្រតិបត្តិសាសនារបស់ប្រជាពលរដ្ឋកម្ពុជាពិតជាល្អ បើទោះបីលោកមិនបាន​គោរពប្រតិបត្តិព្រះពុទ្ធសាសនាក្តី ។ អ្វីដែលលោកមាន​ការ​ចាប់អារម្មណ៍ជាងគេនៅក្នុង​ពិធីនេះ គឺការស្លៀកពាក់របស់​ប្រជាពលរដ្ឋដូចៗគ្នា មាន​របៀបរបៀរយ និងការរៀបចំលម្អផ្សេងៗមើលទៅគួរជាទីចាប់អារម្មណ៍បំផុត។

ដោយឡែកកញ្ញា ណា លា ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកបាន​បង្ហាញពីការពេញ​ចិត្តចំពោះពិធីបុណ្យមាឃបូជានេះ ដោយកញ្ញាយល់ថា កញ្ញាជាមនុស្សម្នាក់ដែលមាន​សំណាងដែលបាន​កម្សាន្តនៅខេត្តសៀមរាប​ចំថ្ងៃមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំរបស់កម្ពុជា។ កញ្ញាបានបញ្ជាក់ថា នូវរាល់ពិធីបុណ្យសាសនាទាំង​អស់​តែងតែណែនាំមនុស្សឱ្យធ្វើតែអំពើល្អ និងមាន​សេចក្ដីសុខ ហើយកញ្ញាក៏បាន​បួងសួងសុំសេចក្តីសុខ និងធ្វើការសិក្សាឈ្វេងយល់ឱ្យបានកាន់តែច្បាស់អំពីពិធីបុណ្យមាឃបូជារបស់ខ្មែរនេះផងដែរ។

សូមបញ្ជាក់ថា បុណ្យមាឃបូជា ត្រូវបាន​ប្រារព្ធឡើងដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាស​ម្ពុទ្ធទ្រង់​ប្រកាសបង្កើតព្រះពុទ្ធសាសនាជាផ្លូវការនៅលើពិភពលោកក្នុងប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីព្រះអង្គការត្រាស់ដឹងរបស់ព្រះអង្គរយៈពេល ៩ខែគត់ ខណៈដែលការបង្កើតព្រះ​ពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជា​សមាជិក​ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈ​ទាំងអស់ដោយមិនបានណាត់គ្នាជាមុន។នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ ចំនួន១១ប្រការ សម្រាប់ឱ្យសមាជិក​មហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិតយកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា។ ព្រះពុទ្ធសាសនាបានអប់រំឱ្យមនុស្សធ្វើអំពើល្អនិងរក្សាអំពើល្អឱ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅ។ ម៉្យាងវិញទៀត​បុណ្យមាឃបូជានេះ ដែរក៏រៀបចំឡើងដើម្បីរម្លឹកពីការដាក់សង្ខាចូលនិពាន្វរបស់ព្រះពុទ្ធផងដែរ។សម្រាប់នៅខេត្តសៀមរាប​ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ត្រូវបាន​ធ្វើឡើងយ៉ាង​ធំដោយមានការចូលរួមពីព្រះសង្ឃ ​សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់ ដោយមាន​ការដង្ហែក្បួននៅតាមដងផ្លូវសំខាន់ៗនៅក្នុងសៀមរាប​ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបាន​ឃើញ និងឈ្វេងយល់ ៕

ដោយ ឃុត សៅ