សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករនិយោ ជិតជាង ១ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្ត កណ្តាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៩នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។នេះជាជំនួបលើកទី១០និងជាលើកចុងក្រោយនៃជុំទី ១នៅខេត្តកណ្ដាល។

ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ កម្មការិនី ដែលត្រូវបានអនុញ្ញាតជួបសំណេះសំ ណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ នេះមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ មានកម្មករនិយោជិតចំនួន 10.470 នាក់ និងក្រុងតាខ្មៅចំនួន០១មានកម្មករនិយោ ជិតចំនួន 757នាក់ ។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១។

រោងចក្រទាំងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩, ផលិតស្បែកជើងចំនួន ៣, បោកគក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន៣, ផលិតកេសកាតុងចំនួន២, ផលិតធុង ទឹកចំនួន១, ផលិតអំបោះនិងកៅស៊ូចំនួន១, ផលិតកាបូបចំនួន១, ផលិតបារីចំនួន១, ផលិតខ្សែភ្លើងចំនួន១, ផលិតថ្នាំលោបចំនួន១, ផលិតប្រេងរំអិលចំនួន១, ផលិតកូនបាល់ចំនួន១, ផលិតគ្រឿងសង្ហារិមចំនួន១, ដំឡើងម៉ូតូចំនួន១, ផលិតសម្ភារពេទ្យចំនួន១, ដេរប៉ាក់លើសម្លៀក បំពាក់ចំនួន១, ផលិតផ្លាសស្ទិកចំនួន១, ផលិតឆត្រចំនួន១, ផលិតស្លាកសញ្ញាសម្លៀកបំពាក់ និងស្បែកជើងចំនួន១ និងផលិតគុយទាវចំនួន ១។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ផលិត ផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៨២ មានកម្មករ និយោជិតចំនួនជាង ១៥៥,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុប ៥២៦លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៧៤ មានកម្មករនិយោជិតចំនួនជិត ១៣៨,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៤៦៧លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម អ៉ិត សំហេង ហៅសមិទ្ធផលរោង ចក្រដែលកំពុងមានវត្តមាននៅក្នុងខេត្ត កណ្តាលនេះ ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃដំបូងដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនី រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាជំនួបសំណេះសំណាលើកទី ៦៤ហើយ។ ជំនួប៦៤លើកនេះ មានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ កម្មការិនីចូលរួមជិត ៩២ម៉ឺននាក់។