ក្រសួងធនធានទឹកកាយស្រះ បាតស្ទឹងចាស់ចំនួន០៩កន្លែង ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី៖
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩នេះបាននាំគ្រឿងចក្រ
ធុនធ្ងន់ ដើម្បីកាយស្រះ ( បាតស្ទឹងចាស់ ) ចំនួន ០៩ កន្លែង ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។


ចំពោះកាយស្រះ បាតស្ទឹងចាស់នេះគឺអនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។


ការចុះកាយស្រះនេះគឺដឹកនាំដោយឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការរបស់ក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស ។

លោក យឿម រ៉ាន់ អនុប្រធានភូមិបឹងទឹម បានអោយដឹងថា ស្ទឹងចាស់នេះ គឺមានការគោករាក់អស់ពេលជាយូរណាស់មកហើយ ។ ប៉ុន្តែបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការស្តារឡើងវិញ នៅឆ្នាំកន្លងមក ក៏ដូចជាឆ្នាំនេះ ស្ទឹងចាស់ បានចាប់មានទឹកបរិបូណ៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ។ លោកអនុប្រធានភូមិបន្តថា ដោយសារឆ្នាំនេះ បងប្អូនផលិតស្រូវប្រាំងច្រើន ហើយប្រជាពលរដ្ឋបានបូមយកទឹកពីស្ទឹង ទៅស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ ទើបធ្វើឲ្យស្ទឹងនេះរីងគោក ។ លោកអនុប្រធានភូមិបន្តទៀតថា ជាទម្លាប់របស់ប្រជាពលរដ្ឋនៅតំបន់នេះ ក្នុងរដូវប្រាំងដែលខ្វះខាតទឹកប្រើប្រាស់ គឺបងប្អូនប្រើចប ឬប៉ែល ជីកបាតស្ទឹង ដើម្បីទាញយកជម្រាបទឹកចេញមកប្រើប្រាស់ ។


នៅឆ្នាំនេះ លោកអនុប្រធានភូមិ ក្នុងនាមប្រជាពលរដ្នក្នុងភូមិបឹងទឹមទាំងមូល មានសេចក្តីត្រេកអរ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ដែលបានជួយស្តារស្ទឹងចាស់នេះឡើងវិញនាពេលកន្លងមក ហើយនៅពេលនេះទៀត បានចាត់បញ្ជូនគ្រឿងចក្រជួយកាយស្រះទាញយកជម្រាបទឹកចេញទាំង ០៩ កន្លែងនេះ មកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ ។

សូមបញ្ជាក់ផងដែរថា ស្រះទឹកនីមួយៗក្រុមការងារគ្រោងនឹងជីកក្នុងទំហំជាមធ្យម ៖ បណ្តោយ ១៥ ម, ទទឹង ០៧ ម និងជម្រៅ ២,៥០ ម ៕