រាជរដ្ឋាភិបាលពង្រីកផែនការបណ្តុះបណ្តាលបច្ចេកទេសអគ្គិសនីដល់យុវជន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជរដ្ឋាភិបាលពង្រីកផែនការបណ្តុះបណ្តាលបច្ចេកទេសអគ្គិសនីដល់យុវជនឲ្យកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងការធានាសន្តិសុខថាមពលនិងបំរើសេវាតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋឲ្យមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដារ។
អគ្គនាយកអគ្គិសនីកម្ពុជាបានអះអាងថា អគ្គិសនីកម្ពុជាបានពង្រីកកិច្ចសហការជាមួយគ្រឹះ ស្ថាន ឧត្តម សិក្សាពិសេស វិទ្យាស្ថានវិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនីពង្រីកការបណ្តុះបណ្តាលជំនាញ បច្ចេកទេសអគ្គិសនីដល់យុវជនយុវនារីឲ្យកាន់តែមានសមត្ថភាពទូលំទូលាយដើម្បីបំពេញតម្រូវការទីផ្សារការងារ ផ្នែកអគ្គិសនី ឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធិផលនានាក្នុងវិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនីកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា អគ្គនាយក អគ្គិសនីកម្ពុជាបានមានប្រសាសន៍ថា ដើម្បីពង្រីកធនធានមនុស្សលើជំនាញអគ្គិសនីនេះ អោយបាន កាន់តែច្រើន រាជរដ្ឋាភិបាលក៏បានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សពូកែនិងសិស្សក្រីក្រ ដើម្បីមានលទ្ធភាព អាចចូលរៀនជំនាញនេះឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ការអភិវឌ្ឍធនធានមនុស្សផ្នែកអគ្គិសនីត្រូវដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍ ថាមពលអគ្គិសនី ដើម្បីជំរុញការលើកកម្ពស់វិស័យសន្តិសុខថាមពលធានាបានប្រសិទ្ធភាព ខណៈ ថាមពលអគ្គិសនីគឺជាកម្លំាងចលករជំរុញកំណើនសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀត។
លោក អ៊ុំ ពិសិដ្ឋ នាយកវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គីសនីបានឲ្យដឹងថា វិទ្យាស្ថាននេះបានបណ្តុះ បណ្តាលនិស្សិតជាច្រើនលើជំនាញបច្ចេកទេសអគ្គិសនី និងវិស្វករអគ្គិសនីស្របតាមស្តង់ដារ នៃតម្រូវ ការរបស់សង្គម។ លោកបញ្ជាក់ថា ការពង្រីកអគារសិក្សាថ្មីកម្ពស់៤ជាន់ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានតម្លៃជាងទឹកប្រាស់ប្រមាណ៣លាន៣សែនដុល្លានេះ នឹងពង្រឹង ដល់ការងារបណ្តុះបណ្តាល អំពីបច្ចេកទេសអគ្គីសនី ដល់និស្សិត អោយកាន់មានភាពល្អប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្នអគ្គិសនីកម្ពុជាមានវិស្វករជំនាញជាង៥ពាន់នាក់ ដោយមិនទាន់រាប់ បញ្ចូល សេវាករ ដែលចែកចាយអគ្គិសនីទូទាំងប្រទេសជាង៣០០នាក់ និងមិនទាន់រាប់ទាំងជាងភ្លើង នៅតាម មូលដ្ឋាននានាជាច្រើនពាន់នាក់ថែមទៀតផង ខណៈនៅថ្ងៃអនាគត វិស័យអគ្គិសនីត្រូវការបុគ្គលិក ជំនាញ សេវាករ និងជំនាញជាច្រើននាក់ទៀត៕