ពិព័រណ៍ស្តីពីកម្មវិធីឌីជីថលកម្ពុជា២០១៩ នឹងជំរុញផ្នែកធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា ពិព័រណ៍ស្តីពីកម្មវិធីឌីជីថលកម្ពុជា២០១៩ នឹងជំរុញផ្នែកធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ស្របពេលឧស្សាហកម្មជំនាន់ទី៤ កំពុងប្រកួតប្រជែងក្នុង ទីផ្សារសេរីទាំងថ្នាក់តំបន់ និងពិភពលោក។
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ស្តីពីកម្មវិធីឌីជីថលកម្ពុជា២០១៩ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនាខាងមុខនេះ មានកម្មវិធីសំខាន់ៗដូចជា៖ វេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន, សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃបច្ចេកវិទ្យាឌីជីថល, ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់, ការប្រគល់ពានរង្វាន់ Cambodia ICT Awards និង Women in Tech Awards សម្រាប់ផលិតផលបច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្នុងស្រុកមួយ កាលពីថ្មីៗនេះ ឯកឧត្តម បានបញ្ជាក់ថា ពិព័រណ៍នេះ ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១របស់កម្ពុជា ដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិ ដើម្បីបង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។ ជាមួយគ្នានេះ ក៏ដើម្បីកៀរគររកប្រភពធនធានសម្រាប់ជួយបង្កើនសមត្ថភាពលើការប្រើប្រព័ន្ធឌីជីថលក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសខ្នាតតូច និងមធ្យម(SME) ដែលឈានទៅរកការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារសេរីក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម កាន ច័ន្ទមេត្តា មានប្រសាសន៍ថា «កម្មវិធីនេះ ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ព្រមទាំងបង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូចនិងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ។ កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ»។
កម្មវិធី ឌីជីថលកម្ពុជា ២០១៩ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូមួយចំនួនទៀតផងដែរ៕