សម្ដេចតេជោហ៊ុន សែន ៖ព្រះពុទ្ធសាសនា បានរួមចំណែកពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព និងស្ថិរភាពសង្គម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់ វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
តាមបណ្ដាញសង្គមFacebookសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរថា ថ្ងៃទី ១៩ កុម្ភះ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់។
សម្ដេចតេជោបន្តថា នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាសូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕