រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កោតសរសើរចំពោះការអភិវឌ្ឍវិស័យប្រៃសណីយ៍-ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT)មន្ទីរប្រៃសណីយ៍ខេត្តឧត្តរមានជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវ អំណត់ព្យាយាមរបស់លោក រិន សុខុម ក្នុងការដឹកនាំការងាររហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ព្រមទាំងបានជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍-ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តឧត្តរមានជ័យ ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់ជាពិសេសបំពេញបានតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជាផ្នែកមួយទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តផងដែរ។


ក្នុងពិធីប្រកាសតែងតាំង កញ្ញា ហ៊ន សុភាព ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តឧត្តរមានជ័យថ្មី ជំនួសលោក រិន សុខុម ដែលត្រូវចូលនិវត្តន៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តឧត្តរមានជ័យឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផ្ដាំផ្ញើរ ដល់កញ្ញា ហ៊ន សុភាព ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំងថ្មី និង មន្ត្រីរាជការនៅមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តឧត្តរមានជ័យ ទាំងអស់ ត្រូវបន្តស្មារតីទទួលខុសត្រូវ, រក្សាបាននូវភាពរឹងមាំសាមគ្គីភាព-ឯកភាពផ្ទៃក្នុង, រៀនសូត្រដកពិសោធន៍ការងារពីគ្នាទៅវិញទៅមកជាពិសេសបន្តកិច្ចសហការជាមួយមន្ទីរជុំវិញខេត្ត និងគ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីភាពរីកចម្រើនរបស់អង្គភាព ។


ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បណ្ដាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបន្តជួយគាំទ្រប្រធានមន្ទីរថ្មី ឲ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ធានាបានប្រសិទ្ធភាពការងារ និងជាកម្លាំងចលករជំរុញវិស័យទាំងបីឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត៕