ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងសមិទ្ធផល រវាងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន កើតចេញពីគុណបំណាច់របស់ព្រះបាទ នរោត្តម សីហនុ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ វ៉ាង ភក្តី៖
សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានព្រះបន្ទូលថា ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងសមិទ្ធផល រវាងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន កើតចេញពីគុណបំណាច់របស់ព្រះបិតាស្ថាបនិក ព្រះបាទ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់ផ្សេងទៀតនៃប្រទេសទាំងពីរ។


មានព្រះបន្ទូលនៅក្នុងឱកាសចូលរួមសម្ពោធមហោស្រពទស្សសនីយភាពវប្បធម៌របាំបុរាណរបស់ខេត្តជាំងស៊ូភាគខាងត្បូងនៃប្រទេសចិន កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបញ្ជាក់ថា កាលពី៦០ឆ្នាំមុន ព្រះបិតាស្ថាបនិកព្រះបាទនរោត្តមសីហនុ ជាមួយមេដឹកនាំចិនលោកម៉ៅសេទុង លោកនាយករដ្ឋមន្រ្តី ជូអេនឡាយ បានបង្កើតទំនាក់ទំនងរវាងកម្ពុជានិងចិនដែលជាគំរូគួរឱ្យទុកចិត្តបំផុត។

សម្តេចព្រះរៀម បានបន្តថា ចំណងមិត្តភាពកម្ពុជា-ចិនបានចាក់ឫសក្នុងវប្បធម៌ និងទឹកចិត្តរវាងប្រជាជនទាំងពីរ ហើយការផ្លាស់ប្តូរវប្បធម៌សិល្បៈជាញឹកញាប់បន្ថែមទៀត គឺជាការចាក់បញ្ចូលនូវភាពរស់រវើក និងកម្លាំចលករចូលទៅក្នុងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ និងស្ថិតនៅយូរអង្វែងទៅមុខទៀត។ ប្រទេសទាំងពីរនេះមានអរិយធម៌បុរាណ និងបេតិកភណ្ឌវប្បធម៌សម្បូរបែបបានកសាងនូវអត្តចរិកស្និតស្នាលរបស់ប្រជាជននៃប្រទេសទាំងពីរ។


ចំណែក ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំដ៏ប្រពៃបន្ថែមមួយកម្រិតទៀតនៃមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានកំណត់យកថា ជាឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន។ លើសពីនេះ
ឆ្នាំ២០១៩ ក៏ជាការចាប់ផ្តើមនៃគីឡូម៉ែត្រថ្មី នៃសករាជទំនាក់ទំនង រវាងកម្ពុជានិងចិនលើការបន្សាំយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ និងយុទ្ធសាស្រ្តចតុកោណ។ ឯកឧត្តមបន្តថា វិនិយោគិន និងទេសចរចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងពង្រឹងពង្រីកថែម
ទៀតនូវចំណងទាក់ទងជាមេត្រីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរដែលមានតាំងពីបុរាណកាលមក។


ដូចគ្នានេះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អនិងអ្នកជិតខាងល្អនឹងគ្នា ដោយថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន បានជួបជាមួយមេដឹកនាំចិន និងបានឈានដល់ការមូលមតិគ្នាជាថ្មីលើការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឯកឧត្តម បន្តថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំទេសចរណ៍វប្បធម៌កម្ពុជា-ចិន តាមរយៈលើកកម្ពស់សកម្មភាពជាបន្តបន្ទាប់ដូចជា វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរយុវជន ជាដើម។ ឯកឧត្តម បានបញ្ជាក់ថា មិត្តភាពជាប្រពៃណី និងការពង្រីកការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរ បានជំរុញដល់ភ្ញៀវទេសចរចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់។


សូមបញ្ជាក់ថា សប្ដាហ៍វប្បធម៌ខេត្តជាំងស៊ូនៅកម្ពុជា ចាប់ផ្តើមសម្តែងពីថ្ងៃទី១៧-២៤ ខែកុម្ភៈ ដោយមាននៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងគោលបំណងឆ្លើយតបទៅនឹងគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ«ផ្លូវមយ ខ្សែក្រវ៉ាត់» ក៏ដូចជាបង្កើនការយល់ដឹងនៃវប្បធម៌រវាងប្រទេសចិន និងកម្ពុជា៕