ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើត “ក្រុមមេធាវីការពារក្តី” ដើម្បីជួយដល់ជនរងគ្រោះជាស្រ្តីក្រីក្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សម្តេចគ្រោងបង្កើត “ក្រុមមេធាវីការពារក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោផ្ទាល់ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រទន់ខ្សោយអោយមានប្រសិទ្ធិភាព។
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។
សម្តេចតេជោបានបន្ថែមថា ការសម្រួលព្យួរទោសដោះលែងអោយពួកគាត់មានសេរីភាពឡើងវិញ ត្រូវធ្វើឡើងប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។ គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពអោយពួកគាត់បានទៅផ្ទះវិញ ៕