កម្ពុជានៅតែប្រកាន់ជំហរថែរក្សាសន្តិភាពស្ថិរភាពនយោបាយសេដ្ឋកិច្ចអោយបានរឹងមាំល្អ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជានៅតែប្រកាន់ជំហរ និងត្រូវតែថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចអោយបានរឹងមាំល្អ ដើម្បីបន្តការអភិវឌ្ឍនិងភាពរីកចម្រើនតទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពយ៉ាងខ្លំាងចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន ៧.៥ភាគរយ ដោយមានការឃ្លាំមើលនិងវាយតម្លៃផងដែរពី World Bank និង IMF។ កត្តានេះគឺបានមកដោយកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ដូច្នេះរាជរដ្ឋាភិបាលការពារដាច់ខាតក្នុងការរក្សាសន្តិភាពនិងស្ថេរភាពសង្គមឲ្យបានជារៀងដរាប។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកបង្ហាញជាក់ស្តែងចំពោះប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាមនិងអសន្តិសុខដូចជា ប្រទេសអៀរ៉ាក់, សៀរី, យ៉េម៉ែន, លីបៀ ,ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម ដែលកំពុងធ្វើអោយស្រ្តី និងកុមារទទួលរងគ្រោះនិងបាត់បង់អស់ឱកាស។
សម្តេចតេជោបានបញ្ជាក់ថា ចំពោះកម្ពុជាវិញ គឺមិនត្រូវឲ្យស្ត្រី និងកុមារបាត់បង់ឱកាសណាមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិឡើយ។ សព្វថ្ងៃនេះ នៅក្នុងសហគ្រាសធន់តូចនិងមធ្យមដែលបានចុះបញ្ជីជាង១៥៦,៨៥០ គឺមានស្រ្តីគ្រប់គ្រងធ្វើការប្រមាណ ៨,២២៨សហគ្រាស ហើយចំពោះរោងចក្រកាត់ដេរវិញគឺមានចំនួនស្ត្រីបម្រើការងារប្រមាណជាង ៩០% ដែលទទួលបានប្រាក់ខែសមមរម្យ នឹងអត្ថប្រយោជន៍ជាច្រើនថែមទៀត។
សម្តេចបន្តថា កម្ពុជាក៏កំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនីដែលទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកាក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០% ទៀតផង។ នៅពេលដែលរដ្ឋាភិបាលមានចំណូលកាន់តែខ្ពស់ គឺនឹងបន្ថែមអត្ថប្រយោជន៍ដល់ស្រ្តីកាន់តែច្រើនថែមទៀត៕