រាជរដ្ឋាភិបាលពង្រឹងវិធានការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


រាជរដ្ឋាភិបាលពង្រឹងវិធានការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រ្តីឲ្យបាន១០០ភាគរយ ដើម្បីធានាឲ្យស្រ្តីជៀសផុតពីការរំលោភបំពានផ្សេងៗនៅក្នុងសង្គមនិងក្រុមគ្រួសារ។
ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តីបានអះអាងថា ស្ថាប័នអនុវត្តច្បាប់និងអង្គភាពពាក់ព័ន្ធនឹងជំរុញបន្តចាត់វិធានការបង្ក្រាបបទល្មើសនានាដូចជាការប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ករណីរំលោភសេពសន្ថវៈ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម ដើម្បីការពារស្រ្តីអោយរួចផុតពីការរំលោភបំពាននិងការធ្វើទុក្ខបុកម្នេញនានា។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តីនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារីនិងជាប្រធានប្រឹក្សាជាតិដើម្បីស្រ្តីបានមានប្រសាសន៍ថា ការពង្រឹងវិធានការបង្រា្កបបទល្មើសទំាងនេះ បានធ្វើឡើងដោយសារតែលទ្ធផលនៃការផ្តល់សេវាជំនួយផ្នែកច្បាប់ចំពោះស្ត្រីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាបានបង្ហាញថាករណីសេពសន្ថវៈលើជនរងគ្រោះជាអនីតិជនត្រូវបានកត់សំគាល់ក្នុងចំនួនខ្ពស់។
លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាក្រសួងសុខាភិបាល និងក្រសួងកិច្ចការនារី បានសហការផ្ដល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា តាមរយៈមណ្ឌលសុខភាពចំនួន ៤៨ ក្នុងខេត្តចំនួន ៨ ដែលកំពុងផ្ដល់សេវាឆ្លើយតបអំពើហិង្សា។ ក្រសួងកិច្ចការនារីកំពុងសិក្សាពង្រីកមណ្ឌលសេវាចំរុះ ដែលឆ្លើយតបទៅនឹងអំពើហឹង្សាលើស្ត្រី ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ និងសេវាជួយជនរងគ្រោះដោយអំពើហិង្សាបានទាន់ពេលវេលានិងប្រសើរជាងមុន។
សូមបញ្ជាក់ថា យោងតាមស្ថិតិរបស់គណៈមេធាវីកម្ពុជាឆ្នាំ ២០១៨ បានផ្ដល់សេវាផ្នែកច្បាប់ក្នុងការការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះពលរដ្ឋក្រីក្រ ស្រ្តីក្រីក្រនិងកុមារជាអនីតិជនសរុបចំនួន ២៦៥៥ករណីនៃចំនួនពលរដ្ឋសរុប ៣៩០៨នាក់ក្នុងនោះស្ត្រីមាន ២៥៨ ករណីអនីតិជនចំនួន ១០៤៨ ករណីនិងផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់សរុប៤៩៦ករណី៕