លោក ពូទីន ចូលរួមវេទិកាស្តីពីខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ នៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមវេទិកាស្តីពីខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ នៅក្រុងប៉េកាំងនៅដើមខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។

លោក Lavrov បាននិយាយនៅក្នុងជំនួបមួយជាមួយលោក Yang Jiechi ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិនថា «យើងកំពុងទន្ទឹងរង់ចាំវេទិកាខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ លើកទីពីរ ដែលលោកប្រធានាធិបតី ពូទីន នឹងទៅចូលរួម»។

លោក Lavrov បាននិយាយបន្ថែមថា «យើងរំពឹងទុកនូវភាពជោគជ័យនៃការចូលរួមរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី និងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ក្នុងនាមជាភ្ញៀវមួយរូបដ៏សំខាន់» ។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា ទីក្រុងមូស្គូចែករំលែកនូវ «ការពេញចិត្តរបស់ទីក្រុងប៉េកាំងជាមួយរដ្ឋនៃភាពជាដៃគូយុទ្ធសាស្រ្តចិន – រុស្ស៊ីនិងអន្តរកម្មដ៏ទូលំទូលាយ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)