ទីក្រុងតូក្យូ និងមូស្គូព្រមព្រៀងក្នុងការរៀបចំដំណើរទស្សនកិច្ច សម្រាប់លោក Lavrov ទៅកាន់ប្រទេសជប៉ុនក្នុងពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ទីក្រុង តូក្យូបានព្រមព្រៀងក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ទៅកាន់ប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ។

កាលពីថ្ងៃសៅរ៍ លោក Lavrov និងលោក Kono បានជួបប្រជុំគ្នានៅខាងក្រៅសន្និសីទ ស្តីពីសន្តិសុខទីក្រុងមុយនិចលើកទី ៥៥ ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានដកស្រង់សម្តីរបស់លោក Kono ដែលបាននិយាយថា «យើងបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងជប៉ុន នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេស ជប៉ុន។ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ប្រទេសជប៉ុន»។

លោកបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងមួយផ្សេងទៀតក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីរៀបចំកិច្ចពិគ្រោះយោបល់ជិតស្និទ្ធមួយរវាងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Igor Morgulov និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeo Mori ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)