សិក្ខាសាលាបង្ហាញអំពីចក្ខុវិស័យនៃសង្គ្រាមការពារព្រំដែនវៀតណាមភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — សង្រ្គាមដើម្បីការពារព្រំដែនខាងជើងរបស់ប្រជាជនវៀតណាមកាលពី ៤០ឆ្នាំមុន (ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៤៩) ត្រូវបានគេផ្តោតការយកចិត្តទុកដាក់នៅក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ ដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានហូជីមិញនៃសាកលវិទ្យាល័យរដ្ឋ Saint Petersburg នៅប្រទេសរុស្ស៊ី។

នៅក្នុងសុន្ទរកថារបស់លោកសាស្រ្តាចារ្យ Vladimir Kolotov ប្រធានវិទ្យាស្ថាន បានរំលឹកអំពីការតស៊ូ និងបានលើកឡើងនូវអនុស្សាវរីយ៍របស់លោក Gennady Obaturov ដែលជាទីប្រឹក្សាយោធានៃក្រសួងការពារជាតិនៃប្រទេសវៀតណាមក្នុងអំឡុងពេលសង្រ្គាមនោះ ដោយតាមរយៈនេះបានជួយដល់សិស្សនិស្សិតឱ្យបានយល់ដឹងបន្ថែមទៀត អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់អ្នកជំនាញការរបស់សហភាព សូវៀត (បច្ចុប្បន្នជាប្រទេសរុស្ស៊ី) ទៅកាន់វៀតណាមនៅពេលនោះ។

លោកសាស្រ្តាចារ្យបាននិយាយថា ថ្វីបើសង្គ្រាមនេះមានរយៈពេលខ្លី​ ប៉ុន្តែជាសង្រ្គាមដ៏សាហាវមួយដែលនៅតែស្ថិតនៅក្នុងចិត្តរបស់អ្នកដែលបានរស់នៅក្នុងអំឡុងពេលនោះ។ បណ្តានិស្សិតរុស្សីមកពីសាកលវិទ្យាល័យរដ្ឋ Saint Petersburg បានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។

កញ្ញា Doussia Kalganova និស្សិតឆ្នាំទី ៣ បានសម្តែងក្តីស្រឡាញ់របស់នាងចំពោះទឹកដី និង ប្រជាជនវៀតណាម ដោយនាងបាននិយាយថា សិក្ខាសាលានេះបានជួយឱ្យយុវជនរុស្ស៊ីបានរៀនសូត្របន្ថែមទៀតអំពីប្រទេសវៀតណាម នឹងធ្វើឱ្យយុវជននៃប្រទេសទាំងពីរកាន់តែមានភាពខិតជិតគ្នា។

ទន្ទឹមនឹងនេះដែរ លោក Le Van Khanh និស្សិតវៀតណាមម្នាក់នៅសាកលវិទ្យាល័យរដ្ឋ Saint-Petersburg បាននិយាយថា សិក្ខាសាលានេះបានបំភ្លឺអំពីការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីការពារ ព្រំដែនភាគខាងជើង។ ទំនាក់ទំនងមិត្តភាពវៀតណាម និងរុស្ស៊ី ក៏ដូចជាទស្សនៈវិស័យនៃចំណងទំនាក់ទំនងទ្វេភាគីក៏ត្រូវបានពិភាក្សាផងដែរនៅក្នុងឱកាសនោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)