ខេត្តកំពង់ចាមពង្រីកការចិញ្ចឹមមាន់ខ្នាតឧស្សាហកម្ម

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី៖

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឲ្យដឹងថា កំពង់ចាមមានទ្រុងមាន់ខ្នាតឧស្សាហកម្មចំនួន ២៦ រោង ដែលរោងនីមួយៗ មានតម្លៃពីជិត១០ម៉ឺន ទៅ ជាង១០ម៉ឺនដុល្លារ និងមានសមត្ថភាពអាចផលិតមាន់សាច់ លក់ចែកចាយតាមខេត្តនានា នៅទូទាំងប្រទេស ជាមធ្យមក្នុងមួយខែប្រមាណជាង២៣ម៉ឺនក្បាល។

លោកបន្តថាបច្ចុប្បន្នទូទាំងខេត្តមានរោងចិញ្ចឹមសត្វមាន់ខ្នាតធំចិញ្ចឹមតាមបែបឧស្សាហកម្ម ដែលមានក្រុមហ៊ុនមកពីប្រទេសថៃ គឺក្រុមហ៊ុនស៊ីភី និងក្រុមហ៊ុន បេតាហ្រ្គោ បានមកសហការវិនិយោគ ជាមួយប្រជាពលរដ្ឋខ្មែរដែលមានដើមទុនច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងនោះមានរោងដែលអាចចិញ្ចឹមបានសត្វមាន់បានចំណុះពី១២.០០០ ដល់ ១៦.០០០ ក្បាលក្នុងមួយរោងចំនួន ២៦ រោង។ មានច្រើនជាងគេជារោងខាងក្រុមហ៊ុនស៊ីភីមានចំនួន ២៣ រោង ដែលភាគច្រើននៅស្រុកកំពង់សៀម និងស្រុកបាធាយ។

ចំណែកក្រុមបេតាហ្រ្គោមានចំនួន បីរោង នៅស្រុកចម្ការលើ និងស្រុកព្រៃឈរ។លោកបានបន្ថែមថា ការចិញ្ចឹមមាន់ខ្នាតឧស្សាហកម្មនេះ គឺខាងយើងបានសហការជាមួយក្រុមហ៊ុនទាំងពីរ ដោយភាគីម្ចាស់ស្រុកជាអ្នកចំណាយដី ដើម្បីសង់រោងបំពាក់សម្ភារ:ចិញ្ចឹម ដែលសរុបជាថ្លៃរោងនីមួយៗ ពីជិត ១០ម៉ឺន ទៅជាង ១០ម៉ឺន ដុល្លារ អាស្រ័យតាមទំហំតូចធំនៃរោង។ ខាងភាគីក្រុមហ៊ុនជាអ្នកចំណាយលើការចិញ្ចឹម បច្ចេកទេស និងទីផ្សាររយ:ពេល ៣៥ ទៅ ៤០ថ្ងៃចាប់លក់មួយលើក តាមកិច្ចសន្យាព្រមព្រៀង នៃភាគីទាំងពីរ។លោកបានបន្តថា ក្នុងនោះទាំង ២៦ រោងមានសមត្ថភាពអាចផលិតមាន់សាច់នេះបានចំនួន ២៣៦.០០០ ក្បាលក្នុងមួយខែដោយក្រុមហ៊ុនបានលក់ចែកចាយក្នុងមួយគីឡូក្រាមពី ជាង ៥.០០០ ទៅ ៨.០០០ រៀល ទៅកាន់បណ្តាខេត្តដែលមិនទាន់មានរោងមាន់ដូចខាងលើ។

លោក ខូវ វីរ: ម្ចាស់រោងចិញ្ចឹមមាន់ម្នាក់នៅឃុំស្រក ស្រុកកំពង់សៀម បានឲ្យដឹងថា លោកបានសហការជាមួយក្រុមហ៊ុនឈ្មោះ ស៊ីភី សាងសង់រោងចិញ្ចឹមមាន់ខ្នាតធំចំនួន ពីរ រោងដែលអាចផ្ទុកមាន់ចិញ្ចឹមចំនួន ១៥.០០០ ក្បាលក្នុងមួយរោង បានជាងមួយឆ្នាំហើយ។ ដោយក្នុងមួយឆ្នាំចាប់លក់បានចំនួន ប្រាំពីរ លើក គឺមួយលើកផាត់លើការចំណាយទឹក ភ្លើង និងកម្មករ នៅសល់ប្រហែល ៤.០០០ ដុល្លារ៕