លោកទួន សំអនទទួលជោគជ័យក្នុងការចឹញ្ចឹមគោលក្ខណៈគ្រួសារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

លោកទួន សំអន នៅភូមិដំបងដែក ឃុំកោះរកាស្រុកកំពង់សៀមខេត្តកំពង់ចាមទទួលបានជោគជ័យលើការងារចឹញ្ចឹមគោលក្ខណៈគ្រួសារ។ ភរិយាលោក សំអន បានអោយដឹងថាចាប់ផ្តើមដំបូងគឺបានខ្ចីប្រាក់គេ ចំនួន ៥០ម៉ឺនរៀល យកមកប្រកបរបរនេះ ព្រោះមិនចង់ឲ្យកូនធ្វើចំណាកស្រុក និងចង់បង្កើនជីវភាពក្នុងគ្រួសារ។ ការចិញ្ចឹមគោនេះគឺចាប់តាំងពីឆ្នាំ២០១៦ ដោយទទួលបានបច្ចេកទេសពីមន្រ្តីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តដោយបានខិតខំ សិក្សារៀនសូត្រ ដកស្រង់ បទពិសោធន៍ចិញ្ចឹមគោ ថែរទាំង និងការពារ ព្យាបាលជំងឺ ទើបទទួលបានជោគជ័យនាពេលនេះ គឺគ្រួសារមានជីវភាពធូរធារ ជួបជុំកូន ចៅ ពួកគេបានរៀនសូត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោនេះ ក្នុង១ខែ ទទួលបានប្រាក់ចំណូលជាង ៦លានរៀលជាមធ្យម។

ក្នុងឪកាសអញ្ជើញពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសារកាល
ព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៩
ឯកឧត្តមវេង សុខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គ្រួសារលោកទួន សំអនដែលបានប្រកាន់យករបរចិញ្ចឹម គោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ បានធ្វើឱ្យគ្រួសារមានជីវភាពល្អប្រសើរ សុខដុមរមនា និងមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការចិញ្ចឹមគោបំប៉ន ហើយភាពជោគជ័ននេះគឺស្របទៅតាមទស្សវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។


ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមឲ្យបានប្រសើរដោយគិតពីចំណី ការថែរទាំង និងការពារជងឺ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។
ឯកឧត្ដមបានណែនាំ ដល់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វត្រូវជួយរៀបចំកសាងឡជីវឧស្ម័ន បង្កាត់ពូជសម្បនិម្មិត្ត និងការរៀបចំចំណីសម្រាប់ត្រៀមទុករដូវខ្វះខាត ដល់គ្រួសារបងស្រីផងដែរ៕