ក្រុមណាហ្គា រើសបានកីឡាករបរទេស៣នាក់បន្ថែម ដើម្បីត្រៀមប្រកួតជាមួយ Ha Noi FC វគ្គជម្រុះ AFC Cup

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨ ណាហ្គាវើល ដែលត្រូវចូលរួមប្រជែងនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Cup ២០១៩ ត្រូវប៉ះជាមួយក្រុម Ha Noi FC នៅប្រកួតដំបូងនោះ គឺក្រុមណាហ្គាបានប្រមូលផ្តុំហ្វឹកហាត់ជាច្រើនខែ ក្នុងនោះមានកីឡាករ​បរទេស៤នាក់ ដែល៣នាក់ ត្រូវបានជ្រើសរើសថ្មី។ លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលគូសបញ្ជាក់ថា សម្រាប់​ការ​វាយតម្លៃនៃការប្រកួតនេះលោកជឿជាក់ថា កូនក្រុមរបស់លោកនឹងធ្វើបានល្អ សម្រាប់ការ ប្រកួតក្នុងដីខ្លួនឯង ខណៈការប្រកួត នៅក្រៅស្រុកលោកបារម្ភខ្លាំងខ្លាចមិនទទួលបាន​លទ្ធផលដោយសារសមាសភាពកីឡាករមួយចំនួនត្រូវបានផ្លាស់ប្តូរ ជាពិសេសការហ្វឹកហាត់​ជុំគ្នា​មិនទាន់បានល្អ ដោយការរៀបចំនេះបានល្អប្រសើរប្រមាណ ៧០ភាគរយ ទៅ៨០ ភាគរយនៅឡើយ។ សម្រាប់ជំនឿចិត្តការយកឈ្នះ គឺគ្រូបង្គោលរូបនេះមានក្តៅសង្ឃឹមខ្ពស់ សម្រាប់ការប្រកួតនៅក្នុងផ្ទះ ដែលមាន៣ប្រកួត ដោយលោកបានប្តេជ្ញាចិត្តថា នឹងខិតខំ​ឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីស្វែងរកនូវលទ្ធផលល្អមកជូនក្លឹបក៏ដូចជាជាតិរបស់ខ្លួន​ផងដែរ។

សូមបញ្ជាក់ថា ក្រុមណាហ្គាវើល ស្ថិតនៅក្នុងពូល F ជាមួយនឹង៣ក្រុមផ្សេងទៀត គឺក្រុម Tampines Rover FC សឹង្ហបុរី, ក្រុម Yangon United មីយ៉ាន់ម៉ា ឬក្រុម Zwekapin United FC និងក្រុម Hanoi FC របស់ ប្រទេសវៀតណាម។ វគ្គជម្រុះក្នុងពូលF នេះនឹងត្រូវ​ដំណើរ​ការ​ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលក្នុង១ក្រុមៗត្រូវប្រកួត​ផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ៗ៕

ដោយ ហេង ណាលីន