ឆ្នាំ២០១៩នេះ សមាជិកសហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានកើនឡើងដល់២២០គ្រួសារ

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី

កំពង់ស្ពឺ៖ ឆ្នាំ២០១៩នេះ សមាជិកសហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានកើនឡើងដល់២២០គ្រួសារ ដើម្បីបង្កើនការដាំបន្លែសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទីផ្សារចំនួន១២ ក្រុមហ៊ុននៅក្នុងស្រុក។

លោក ស្រី យូ លន់ ប្រធាន សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺបានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០១៨ មានសមាជិកសហគមន៍ចំនួន១២០គ្រួសារ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩នេះ ប្រជាកសិករនៅក្នុងសហគមន៍បានកើនឡើងដល់ចំនួន២២០គ្រួសារ ស្មើនឹង៨០%។

លោកស្រីបន្តថា កាកើនឡើងនូវបរិមាណសមាជិកនេះ ដើម្បីពង្រីកផ្ទៃដី និងបង្កើនការដាំបន្លែសរីរាង្គ ដើម្បីបំពេញតម្រូវការទីផ្សារ ពិសេសក្រុមហ៊ុននៅក្នុងស្រុកចំនួន១២ដែលបញ្ជាទិញ ។លោកស្រីបានបន្តទៀតថា៖បន្លែ សរីរាង្ដែលសមាជិកសហគមន៍បានដាំមានចំនួន២០ប្រភេទក្នុងនោះបន្លែស្លឹកមាន១២ប្រភេទនិងបន្លែផ្លែ៨ប្រភេទ ហើយលក់ទៅទីផ្សារដែលបានមកចុះកិច្ចសន្យាទិញលក់ ជាមួយសហគមន៍ ប្រភេទបន្លែស្លឹក មួយគីឡូ៥ពាន់ទៅ៧ពាន់រៀលនិងប្រភេទបន្លែផ្លែ៤ពាន់ទៅ៨ពាន់រៀល។

ផ្ទៃដីដាំដុះបន្លែសរីរាង្គរបស់សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ មានចំនួន២៣ហិកតា នៅក្នុង៥ឃុំសង្កាត់ ក្នុងក្រុងនិងស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ។ក្នុងនោះមានឃុំ កាហែង ឃុំតាំងក្រូច ក្នុងស្រុកសំរោងទង សង្កាត់កណ្តោលដុំ សង្កាត់រកាធំ ក្នុងក្រុងច្បារមន ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចនិងឃុំហោងសំណំក្នុងស្រុកឱរ៉ាល់។ បន្លែសរីរាង្គនេះ សហគមន៍បានលក់ជូនទីផ្សារដែលមកបញ្ជាទិញរៀងរាល់ ថ្ងៃចន្ទ័ ពុធនិងថ្ងៃសុក្រដោយក្នុងមួយថ្​ងៃទាំងបន្លែស្លឺកនិងបន្លែផ្លែប្រមាណ៦០០គីឡូក្រាម។

ក្នុងចំណោមក្រុមហ៊ុនទាំង១២នៅភ្នំពេញ ខេត្តសៀមរាប កំពង់ស្ពឺនិងនិងខេត្តព្រះសីហនុដែលបញ្ជាទិញបន្លែសរីរាង្គនេះ មានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិបានបញ្ជាទិញបន្លែស្លឹកនិងបន្លែផ្លែយកជាប្រចាំក្នុងមួយថ្ងៃប្រមាណ ៣០០គីឡូក្រាម ៕