អ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់កោតសសើរពីការរីកចំរើន និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី

ក្រុមហ៊ុន ម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់បានចាប់អារម្មណ៍លើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករ និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ការចាប់អារម្មណ៍របស់អ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់លើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាកាលពីរសៀលថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឪកាស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួប លោក អាប់ដូ អាលី កាយាលី (Abdo Ali Kayali) នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិនៃក្រុមហ៊ុន ម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ និងលោក ណាជី ប៊ូ ហ្វេករេឌីន (Naji Bou Fakhreddine) នាយកទទួលបន្ទុកការអភិវឌ្ឍន៍ធុរកិច្ច ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក អាប់ដូ អាលី កាយាលី បាន ការកោតសរសើរ ពីកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា លើសពីការស្មានរបស់លោក ជាពិសេសការរីកចម្រើនលើវិស័យអចលនទ្រព្យ ដែលជាកត្តាមួយសម្រាប់ពង្រឹងភាពជឿជាក់ដល់ធុរជនដូចជារូបលោក។ លោកបានបង្ហាញអំពីចំណាប់អារម្មរណ៍របស់ក្រុមហ៊ុន លោកលើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករ និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ចំពោះវិស័យកាត់ដេរ លោកបានបញ្ចាក់ថា ក្រុមហ៊ុនរបស់លោកមានរោងចក្រនៅប្រទេសបង់ក្លាដេសរួចហើយ ប៉ុន្តែលោកចង់ពង្រីកផលិតកម្មបន្ថែមនៅប្រទេសកម្ពុជា ដោយយល់អំពីបរិយាកាសធុរកិច្ចល្អ និងកត្តារួមផ្សំដទៃទៀតក្នុងវិស័យនេះ។ ចំណែកវិស័យកសិកម្ម លោកមានបំណងស្វែងយល់ពីបន្ថែមពីការធ្វើអាជីវកម្មស្រូវអង្ករ ដោយក្រុមហ៊ុនរបស់លោកមិនត្រឹមតែចង់ធ្វើការនាំចេញអង្ករទៅប្រទេស នៅតំបន់បជ្ឈឹមបូព៌ា ប៉ុន្តែក៏ចង់មកវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មអង្ករទាំងមូល ពីការធ្វើស្រែរហូតដល់ការនាំចេញ។ ពាក់ព័ន្ធវិស័យទេសចរណ៍ លោកក៏មានចំណាប់អារម្មណ៍ផងដែរ ដោយក្រុមហ៊ុនលោកមានសណ្ឋាគារមួយចំនួននៅប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោកទាំងពីរ ដែលបានវាយតម្លៃខ្ពស់មកលើការរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា លទ្ធផលនេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ឯកឧត្តម បានបន្ត ថា ប្រទេសកម្ពុជាស្វាគមន៍គ្រប់ការវិនិយោគទាំងអស់ និងមានបរិយាកាសធុរកិច្ចមួយដែលបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិន។ ឯកឧត្តមបានឲ្យដឹងថា វិស័យកាត់ដេរនៅកម្ពុជា ជាគំរូមួយដ៏ល្អរបស់ប្រទេសទាំងឡាយ ដោយកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុលោមតាមស្តង់ដាររបស់អង្គការពលកម្មពិភពលោក តាមរយៈការអនុវត្តកម្មវិធី «រោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia)» ដែលតាមដាន បណ្ដុះបណ្ដាល និងណែនាំយ៉ាងម៉ត់ចត់ដល់រោងចក្រទាំងឡាយ។

ចំពោះកសិកម្មវិញ ឯកឧត្តមលើកទឹកចិត្តឲ្យក្រុមហ៊ុន ពិនិត្យ និងពិភាក្សាបន្តជាមួយក្រុមហ៊ុនឯកជន ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចាប់ជាដៃគូជាមួយគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ តាមរយៈការសាងសង់រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុក និងធ្វើទំនើបកម្មផ្សេងៗ សម្រាប់ឲ្យកម្ពុជាអាចនាំចេញបានរឹតតែច្រើននៅថ្ងៃមុខ។ លើវិស័យទេសចរណ៍ ឯកឧត្តមបានជម្រាបថា តម្រូវការសណ្ឋាគារថ្នាក់ខ្ពស់ គឺនៅមានច្រើន ទោះបីជាសណ្ឋាគារធំៗមួយចំនួនមានវត្តមាននៅប្រទេសកម្ពុជាហើយក៏ដោយ ដូចនេះឯកឧត្តម បានជម្រាបឲ្យ ក្រុមហ៊ុនបន្តស្វែងយល់ពីវិស័យនេះ ក៏ដូចជាសង្កេតមើលដៃគូអចលនទ្រព្យដែលមានសក្ដានុពល។

សូមជម្រាបជូនថាក្រុមហ៊ុនម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរមានអាយុកាលប្រមាណ៩០ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនបុត្រសម្ព័ន្ធប្រមាណ ៦០ ហើយកំពុងធ្វើធុរកិច្ចនានានៅក្នុងប្រទេសចំនួន ៥ នៃទ្វីបអាស៊ី និងអឺរ៉ុប៕