នៅរដូវប្រាំងនេះ ក្រសួងធនធានទឹកត្រៀមគ្រឿងចក្រធុនធ្ងន់និងរថយន្តជិត២០០គ្រឿងដើម្បីអន្តរាគមន៍កន្លែងណាដែលខ្វះខាតទឹក ប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ លោក ហោ សេងគ្រី

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧត្តុនិយម ឱ្យដឹងថា៖ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ក្រសួងបានត្រៀមគ្រឿងចក្រ​ធុនធ្ងន់និងរថយន្តចំនួនជិត២០០គ្រឿង សម្រាប់ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ណា ដែលនឹងជួបការ​ខ្វះទឹកប្រើប្រាស់។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម មានប្រសាសន៍ ថា៖គ្រឿងចក្រធុនធ្ងន់និងរថយន្តជិត២០០គ្រឿងនោះ គឺក្រសូងបានត្រៀមទុកសម្រាប់ជីកកាយដីទាញយកប្រភពទឹក ព្រមទាំងដឹកជញ្ជូនទឹក ទៅ ចែកជូនប្រជាពលរដ្ឋនៅតំបន់ណាដែលខ្វះទឹកប្រើប្រាស់ នារដូវប្រាំងឆ្នាំ២០១៩នេះ។

នៅក្នុងពិធីបិទមហាសន្និបាតរបស់ក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នេះ សម្ដេចអគ្គមហាសេនាបតីតេ​ជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថាប្រទេសកម្ពុជានិងអាចកើតមានអាកាសធាតុក្ដៅ ហួតហែង​យូរជាងឆ្នាំមុន ដែលទាមទារអោយមន្ត្រីពាក់ពន្ឋ័ត្រូវរួមគ្នាគិតគូរពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សម្លេង៖ ផ្អែកតាមការព្យាករណ៍ ប្រទេសយើងនិងអាចមានអាកាសធាតុក្ដៅ ហួតហែង ហើយរដូវប្រាំងត្រូវអូស បន្លាយយូរជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ដ ដើម្បីត្រួត ពិនិត្យប្រព័ន្ធទឹក នៅតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាវប្រចាំថ្ងៃ និងបង្ករបង្កើនផល រដូវប្រាំង ដើម្បីមានវិធានការ ការពារនិងប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្រសួងស្ថាប័ននានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងកង កម្លាំងប្រដាប់អាវុធ ត្រូវតៀ្រមលក្ខណៈអន្ដរាគមន៍ ដើម្បីដឹកជញ្ជូនទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុក ឲ្យប្រជាជនរងគ្រោះដោយ សារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។
ក្រសួងសុខាភិបាល ក្រសួងកសិ កម្ម ត្រូវ សហការជាមួយរដ្ឋបាលរាជធានី ខេត្ដ ណែនាំអប់រំប្រជាជន នៅតាមមូលដ្ឋាន ឲ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាត តាមកសិដ្ឋាននានា និងត្រូវមានវិធានការជួយអន្ដរាគមន៍ ក្នុងការព្យាបាលជំងឺទាំង មនុស្សនិងសត្វឲ្យបានទាន់ ពេលវេលា។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម អោយដឹង ថា៖ រហូតមកដល់ថ្ងៃទី១៥ខែកុម្ភៈ ក្រសួង បានផ្ដល់រថយន្តស្ទូច ដែលអាចដឹកទឹកបាននោះ ទៅឱ្យខេត្ត-ក្រុងចំនួន២០គ្រឿងហើយ នៅសល់៥គ្រឿងទៀតកំពុងរៀបចំបន្ថែម។

សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្ដាលខែតុលាឆ្នាំ២០១៨មក ក្រុមការងារ របស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានចុះធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមខេត្ត-ក្រុង ដើម្បីផ្សព្វផ្សាយអំពីស្ថានភាពអាកាសធាតុក្តៅ ព្រមទាំងប្រាប់ឱ្យ ប្រជាពល រដ្ឋថែរក្សាប្រភពទឹកទុកប្រើប្រាស់ផង។

ក្រៅពីនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានចាត់វិធានការជាច្រើនចំពោះការអន្តរាគមន៍លើបញ្ហាខ្វះទឹកនេះ ដូចជាបានកាយប្រឡាយទាញយកទឹកពីទំនប់ពហុបំណងបង្ហូរមកស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ឱ្យ ប្រជាពលរដ្ឋបានទឹកប្រើប្រាស់ ព្រមទាំង ផ្ដល់រថយន្តដឹកទឹក និងជីកស្រះស្ដុកទឹកឱ្យ ពន្ធនាគារ នៅខេត្តឧត្តរមានជ័យជាដើម។

ក្រៅពីនោះ នៅឯស្រុកស្ទោង ខេត្តកំពង់ធំ ឯកឧត្ដម លឹម គៀន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម បានចុះផ្ទាល់ ក្នុងការងារជីកកាយបាតស្ទឹងស្ទោង ឱ្យជ្រៅដើម្បីស្ទាក់ទឹកទុកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់។ រហូតមកដល់ពេលនេះ ក្រុមការងារ របស់ក្រសួងធនធានទឹកនិងឧត្តុនិយម កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ក្នុងការជីកកាយបាតស្ទឹងស្ទោង ព្រមទាំងមានគំរោងសាងសង់សំណង់ស្ទាក់ទឹកមួយកន្លែងនៅឃុំអន្សាក្រង ដើម្បីស្ទាក់ទឹកទុក កុំឱ្យទឹកហូរចូលទៅបឹងទន្លេសាប ដោយឥតប្រយោជន៍ផងដែរ៕