ក្រសួងព័ត៌មានគ្រោងបោះពុម្ពសៀវភៅដែលនិយាយពី ប ស ស ដើម្បីចែកជូនដល់សាធារណៈជន

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយ លោក វ៉ែន សុវុទ្ឋី

ភ្នំពេញ៖  ក្រសួងព័ត៌មានគ្រោងបោះពុម្ពសៀវភៅដែលនិយាយពីបេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា ប ស ស ចំនួន១ ម៉ឺនក្បាល ដើម្បីចែកជូនដល់សិស្សនិសិត្សនៅតាមសាលារៀន ក៏ដូចកម្មករកម្មការិនី​នៅតាមរោង​ចក្រ​សហគ្រាស និងមន្រ្តីរាជការនៅតាមក្រសួងស្ថាបន័រដ្ឋទំាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍បានដឹងពីសារ:សំខាន់របស់ ប ស ស។

ឯឧត្តម ខៀវ កាញរីទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងជំរុញឲ្យអគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជារៀបចំឯកសារដើម្បីចងក្រងជាសៀវភៅទាក់ទងនិងបេឡាជាតិរបបសន្តិសុខសង្គម ប ស ស ដោយគ្រោងបោះពុម្ភនៅពេលឆាប់ៗនេះ។

ឯឧត្តមរដ្ឋមន្រ្តីបានបញ្ចាក់ថា ការបោះពុម្ពសៀវភៅជាលើកដំបូង នេះឡើងមានគោលបំណង ចង់ឲ្យសិស្សនិសិត្ស និងប្រជាពលរដ្ឋខ្មែរទូទៅ បានអាន និងយល់ដឹងពីកាត្វកិច្ចរបស់ ប ស ស ពីការផ្តល់សេវាជូនមន្រ្តីរាជការស៊ីវិល កម្មករនយោជិកដោយមិនគិតថ្លៃ ខណៈបសសគឺជាសមិទ្ឋិផលការងារដ៏ធំធេងរបស់រាជរដ្ឋាភិបាលរយះពេល៤០ឆ្នាំមកនេះ។
(សំឡេង)កន្លងមកខ្ញុំតែងជំរុញឲ្យវិទ្យុជាតិក្នុងនាទីជីវិតយើងសង្គមយើងដើម្បីនិយាយធ្វើជាតុមូលច្រើនណាស់ដើម្បីពន្យល់អីឡូវនេះខ្ញុំបានបញ្ជាឲ្យយកឯកសារទាំងអស់ដែលនិយាយក្នុងតុមូលនិងយកបោះពុម្ពជាសៀវភៅដើម្បីចែកតាមសាលារៀនចែកតាមគ្រប់កន្លែងដើម្បីបានយល់ពីព្រោះក្នុងតុមូលយើងមានអ្នកសួរនិងមានមន្រ្តីជំនាញអ្នកឆ្លើយចឹងបានជំរុញឲ្យបោះពុម្ពឲ្យលឿននេះចាំបាច់ណាស់ខ្ញុំហាក់ឃើញនៅកម្ពុជាយើងអត់មានអ្នកណាយល់តំលៃ ប ស សប៉ុណ្ណាទេ ប៉ុន្តែនេះធំ​បំផុតហើយជាការចងចំណងដៃ ៤០ឆ្នាំហើយនៃជោគជ័យរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ។

ឯឧត្តមបានបន្ថែមថា រយះពេល៤០ឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងគិតគូពីមន្រ្តីរាជការ កម្មករន​យោ​ជិក ព្រមទាំងបានបង្កើតឲ្យមានបេឡាជាតិរបបសន្តិសុខសង្គមតាំងពីឆ្នាំ២០០៨មក ដើម្បីផ្តល់ភាពងាយស្រួល​ដល់មន្រ្តីរាជការ និងកម្មករទៅទទួលសេវាថែទាំសុខភាពនិងព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន​មួយចំនួនដែលជាដៃគូរបស់ ប ស ស ដោយឥតបង់ថ្លៃ។

សូមបញ្ជាក់ថា មកដល់ពេលនេះមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កំពុងឆ្លងការត្រួតពិនិត្យខ្លឹមសារអោយ​បានច្បាស់លាស់ពីគោលការបេឡាជាតិរបបសន្តិសុខសង្គម ហើយត្រៀមបញ្ជូនទៅកាន់ក្រសួងព័ត៌មានបោះពុម្ភជាសៀវ ភៅនៅពេលឆាប់ៗនេះ៕