និស្សិតកម្ពុជាចំនួន១២រូប នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០១៩ ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុនចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០១៩ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត ​​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែល ហៅកាត់ថា JENESYS2018។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅ កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា និស្សិតប្រតិភូ នឹងត្រូវបែងចែកជា៦ក្រុម ទៅតាម ប្រធានបទផ្សេងៗដូចជា កសិកម្ម ថាមពល ការរៀបចំសហគមន៍ សុខភាព យេនឌ័រ ការងារសម្រាប់មនុស្សវ័យចំណាស់ ដើម្បីចូលរួម ស្តាប់បទបង្ហាញដោយអ្នកជំនាញលើ ប្រធានបទនីមួយៗ ព្រមទាំងទៅទស្សនកិច្ចនៅទីតាំងដែលត្រូវនឹងប្រធានបទជាមួយនិស្សិត សាកលវិទ្យាល័យផ្សេងទៀត។ ទន្ទឹមនេះ ពួកគាត់ក៏នឹងចូលរួមសិក្ខាសាលាមួយចំនួន ព្រមទាំងសាកល្បងចូលរួមសកម្មភាពវប្បធម៌ជប៉ុននានា។

សូមបញ្ជាក់ថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម ដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈ កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹង អំពី​​ប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួន ឱ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រឡប់មកវិញ៕

ដោយ អ៊ុន រិទ្ធី