រាជរដ្ឋាភិបាលលើកទឹកចិត្តដល់យុវជនចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី៖


រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញ និងបានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ ខណៈពួកគេកំពុងប្រឈមនឹងការស្រូបយកឥទ្ធិពលនៃការហូរចូលវប្បធម៌បរទេស ហើយបំភ្លេចចោលសិល្បៈវប្បធម៌ប្រពៃណីខ្មែរ។
ឯកឧត្តម សំរាំង កម្សាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា យុវជនកម្ពុជាត្រូវបានលើកទឹកចិត្ត តាមរយៈឱ្យពួកគេចូលរួមបង្កើតស្នាដៃសិល្បៈដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើការតែងនិពន្ធ ការសម្តែងសិល្បៈ របាំ តន្រី្ត និងផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ជាដើម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៥ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ នាពេលខាងមុខ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំមហោសិល្បៈយុវជនទូទាំងប្រទេស ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺដើម្បីលើកស្ទួយការអបរំ និងផ្សព្វផ្សាយអំពីចំណេះដឹងសិល្បៈវប្បធម៌ ក្នុងបុព្វហេតុជំរុញការចូលរួមថែររក្សា អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយខ្លឹមសារអភិរក្ស អភិវឌ្ឍន៍ ការអប់រំយុវជន និងសីលធម៌សង្គម។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានឱ្យដឹងទៀតថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលនឹងចាប់ផ្តើមនៅសាលសន្និសីទចតុមុខនៅដើមសប្តាហ៍ក្រោយនេះ ត្រូវបានសម្រាំងយកស្នាដៃយុវជនចំនួន៤៦ក្រុម ដោយមានផ្នែករបាំប្រពៃណីខ្មែរ របាំសហសម័យខ្មែរ និងឈុតល្ខោន ដើម្បីចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែមីនាខាងមុខនេះ នាសាលមហោស្រពកោះពេជ្រ។
បើតាមការលើកឡើងរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការបង្កើតឱ្យមានការសម្តែងនេះ ក៏ជាការបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រលាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ អាចរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ពិសេសដើម្បីឱ្យយុវជនមានឱកាសបញ្ចេញនូវសមត្ថភាព និងទេព្យកោសល្យពិតៗរបស់ខ្លួន។
មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ«យុវជន ដើម្បីវប្បធម៌ជាតិ» បន្ទាប់ពីកើតឡើងនៅឆ្នាំ២០១៥ តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យមានព្រឹត្តិការណ៍នេះប្រចាំឆ្នាំ៕