រាជរដ្ឋាភិបាលបើកឱកាសការងារក្រៅប្រទេសឲ្យបានច្រើនដើម្បីបង្កើនចំណូលប្រជាពលរដ្ឋ

វិទ្យុជាតិកិម្ពុជា៖ អត្ថបដោយលោក ជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញការបើកឱកាសការងារថ្មីៗបន្តទៀតក្រៅប្រទេសជាច្រើន ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគ្រោង​បង្កើនឱកាសការងារទៅក្រៅជាច្រើន ដូចជា ហុងកុង ចិន ជប៉ុន ថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសកំពុងអភិវឌ្ឍន៍​ជាច្រើនទៀត។

ឯកឧត្តម បន្ដថា ការបើកឱកាសការងារនៅក្រៅប្រទេសនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដើម្បីបង្កើតការងារជូន​ប្រជាពលរដ្ឋ ផ្ដល់ចំណេះដឹងលើភាសា និងជំនាញបច្ចេកទេសដល់ពលករផងដែរ ។

ឯកឧត្ដមបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសមានចំនួន១លាន២សែននាក់ ហើយនាំប្រាក់ចំណូលត្រលប់មកគ្រួសារវិញជាច្រើនរយលាន ដុល្លាក្នុងមួយឆ្នាំៗ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចំនួនពលករដែលទៅធ្វើការនៅក្រៅប្រទេច្រើនជាងគេនោះ មានដូចប្រទេសថៃ មានចំនួន១លាន៨ម៉ឺននាក់ កូរ៉េ៦ម៉ឺននាក់ និងជប៉ុនមាន១ម៉ឺននាក់។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសហការជាមួយដៃគូរពាក់ព័ន្ធនាពេលកន្លងមក ដើម្បីដោះស្រាយបញ្ហា​ប្រឈម​ទាក់​ទងនឹងពលករទេសសន្ដប្រវេសន៍ ដែលទទួលបានជោគជ័យស្ទើតែ១០០ភាគរយ៕