លោក នេតាន់យ៉ាហ៊ូ និងលោក ប៉ុមប៉ែវ ជួបគ្នានៅឯសន្និសីទក្រុងវ៉ាសូវី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (​Ben Jamin Netanyahu )  និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) បានជួបគ្នានៅខាងក្រៅសន្និសីទក្រុងវ៉ាសូវី ស្តីពីមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ ។

តាមសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយការិយាល័យរបស់លោកឱ្យដឹងថា  មេដឹកនាំអ៊ីស្រា- អែល បាននិយាយនៅឯការចាប់ផ្តើមកិច្ចប្រជុំនោះថា សន្និសីទដែលរួមមានរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសមជ្ឈិមបូព៌ាផងនោះ គឺជាចំណុចផ្លាស់ប្តូរជាប្រវត្តិសាស្ត្រាមួយ  ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអារ៉ាប់សំខាន់ៗ បានឈរនៅជាមួយគ្នា ព្រមទាំងនិយាយខ្លាំងៗ ខុសពីធម្មតា , ច្បាស់លាស់ និងឯកភាពគ្នាប្រឆាំងនឹង ការគំរាមកំហែងរួមនៃរបបអ៊ីរ៉ង់ ។

លោកបានសាទរសន្និសីទនេះថា ជាការយោគយល់គ្នាយ៉ាងសំខាន់ដែលថា អ៊ីរ៉ង់គឺជាការគំរាមកំហែងទៅវិញទៅមកមួយសម្រាប់អនាគតនៃមជ្ឈិមបូព៌ា ហើយនៅពេលជាមួយគ្នានេះដែរ និងបើកនូវលទ្ធភាពនៃសហប្រតិបត្តិការថ្មី ។

លោក ម៉ៃ ប៉ុមប៉ែវ ក៏បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ផងដែរ ។ លោកបាននិយាយថា ការប្រឈមមុខនឹងប្រទេសអ៊ីរ៉ង់ គឺជាតម្រូវការយ៉ាងសំខាន់មួយសម្រាប់ការធ្វើឱ្យសម្រេចបានសន្តិភាពនៅមជ្ឈិមបូព៌ា ។

បណ្តាប្រទេសជាច្រើនដែលរួមមាន បណ្តាប្រទេសនៅមជ្ឈិមបូព៌ាចំនួន១១ បានចូលរួមក្នុងសន្និសីទ ២ ថ្ងៃនេះ ដែលនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ ។ រដ្ឋការអាម៉េរិក ​គឺជាសហប្រធានសន្និសីទនេះ ហើយបានអញ្ជើញបណ្តារដ្ឋអារ៉ាប់ និងអ៊ីស្រាអែលឱ្យចូលរួមសន្និសីទនេះ ។ ប្រទេសអ៊ីរ៉ង់មិនត្រូវបានគេអញ្ជើញទេ ។

ប្រទេសលីបង់ និងអ៊ីរ៉ង់ បានថ្កោលទោសកិច្ចប្រជុំនេះថា ជារឿងដែលគួរឱ្យអស់សំណើចមួយ ប្រឆាំងនឹងអ៊ីរ៉ង់  ។ លោក នេតាន់យ៉ាហ៊ូ ចាត់ទុកអ៊ីរ៉ង់ថា ជាសត្រូវធំបំផុតរបស់អ៊ីស្រាអែល ។ លោកគឺជាអ្នកប្រឆាំងដោយឥតសំចៃជាយូរមកហើយ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )