ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមនៅក្នុងក្រុមត្រួតពិនិត្យអង់តាកទិក

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងមហាសមុទ្រ និងការបរទេសបានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាង​ត្បូងនឹងចូលរួមនៅក្នុងក្រុមត្រួតពិនិត្យអង់តាកទិករួមគ្នាមួយ​ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។

ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតក្រុមមួយ​ ជាមួយនិងប្រទេសឈីលី អាហ្សង់ទីន និង អ៊ុយរូហ្គាយ សម្រាប់ការត្រួតពិនិត្យពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៤ ខែមិនា​។ កាលពីពេលកន្លងមក ប្រទេសកូរ៉េខាងត្បូង បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ​កាលពីឆ្នាំ១៩៩៣។

ការត្រួតពិនិត្យអង់តាកទិក​ បានអនុវត្តស្ថិតនៅក្រោមបទបញ្ញត្តិនៃសន្ធិសញ្ញា​អង់តាក​ទិក​ គឺសម្រាប់ស៊ើបអង្កេត​ទីតាំងស្ថានីយនានា នាវា និងយន្តហោះនៃបណ្តាប្រទេសផ្សេង​ទៀត ដើម្បីធ្វើឱ្យកាន់តែបា្រកដថា ពួកគេនឹងអនុលោមទៅតាមរយៈពេលនៃសន្ធិសញ្ញានេះ។

ក្រុមនេះដែលមានសមាជិកចំនួន១០ប្រទេស នឹងឃ្លាំមើលទៅលើទីតាំងចំនួន៤កន្លែង​នៅក្បែរកោះ Livingston និងAnvers ដែលបន្ទាប់មកធ្វើរបាយការណ៍​ពីការរកឃើញ​របស់ពួកគេ នៅក្នុងឆ្នាំនេះ ដើម្បីធ្វើកិច្ចប្រជុំពិគ្រោះយោបល់​សន្ធិសញ្ញាអង់តាកទិក​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )