ចាប់ខ្លួនមនុស្សជាង ៨.០០០នាក់ ក្នុងការធ្វើបាតុកម្ម « អាវកាក់ពណ៌លឿង » នៅបារាំង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក ​គ្រីស្តុប កាស្តាណេ ( Christophe Castaner ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៨.០០០នាក់ត្រូវបានគេឃុំខ្លួនក្នុងការចូលរួមជាមួយការតវ៉ា « អាវកាក់ពណ៌លឿង » ។

ចលនានេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីតវ៉ាប្រឆាំងនឹងតម្លៃនៃការរស់នៅដ៏ខ្ពស់ ព្រមទាំងការធ្វើនយោបាយសេដ្ឋកិច្ចមិនត្រឹមត្រូវនៅក្នុងប្រទេសបារាំង ។

វិទ្យុ France Info  របស់រដ្ឋបានដកស្រង់សម្តី លោក កាស្តាណេ ដែលនិយាយថា ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស ៨.៤០០នាក់ ចាប់តាំងពីចលនានេះបានចាប់ផ្តើម ៣ខែមកហើយ ដោយ ៧ . ៥០០ នាក់នៅតែស្ថិតនៅក្នុងកន្លែងឃុំឃាំងប៉ូលិសនៅឡើយ​ ។

លោកបាននិយាយផងដែរថា ភ្នាក់ងារប៉ូលិស , ប៉ូលិសប្រដាប់អាវុធ និងពួកអ្នកពន្លត់អគ្គិភ័យ ១.៣០០នាក់ បានរងរបួស​ ។ កាលពីថ្ងៃពុធ ប្រធានាធិបតិ បារាំង លោក អេម៉ានុយអែល ម៉ាក្រុន (​Emmanuel Macron  ) បាននិយាយថា ការតវ៉ា « អាវកាក់ពណ៌លឿង » ដ៏ឃោរឃៅគប្បីមកដល់ទីបញ្ចប់ហើយ ។

សម្រាប់ចុងសប្តាហ៍ជាប់គ្នាលើកទី១៣ បន្តគ្នានេះ ពួកអ្នកតវ៉ារាប់សឹបពាន់នាក់បានធ្វើបាតុកម្មនៅទូទាំងទីក្រុងនានា របស់បារាំងកាលពីថ្ងៃសៅរ៍កន្លងទៅ ។

ដូចជានៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចលាចលបានរីកធំឡើងនៅក្នុងរដ្ឋធានីបន្ទាប់ពីក្រុមបាតុករបានបំបែកគ្នាចេញពីផ្លូវដែលគេបានរៀបចំ ព្រមទាំងគប់ដប និងវត្ថុដទៃទៀត ទៅលើប៉ូលិស ដែលបានឆ្លើយតបវិញជាមួយ នឹងឧស្ម័នធ្វើឱ្យហូរទឹកភ្នែក  ។

ខ្សែវីដេអូមួយបានបង្ហាញឱ្យឃើញរថយន្តកងកម្លាំង Sentinelle ប្រឆាំងភេរវកម្មមួយគ្រឿងបានឆេះ ។ ម៉ូតូ រថយន្ត និងជង្រុកធញ្ញជាតិខ្លះត្រូវបានគេដុតឱ្យឆេះ ហើយបង្អួចហាងលក់ទំនិញត្រូវបានគេវាយបំបែកនៅក្នុងតំបន់ទេសចរណ៍ ដែលមានប្រជាប្រិយនៅក្នុងរដ្ឋធានីបារាំង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )