សមាជិកសភាសហភាពអឺរ៉ុបអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — សមាជិកសភារបស់សហភាពអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសិង្ហបុរីកាលពីថ្ងៃទី ១៣ ខែកុម្ភៈ។ ប្រហែលពីរភាគបីនៃសមាជិកសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រ FTA នេះ ដែលអាចមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខ ក៏ដូចជាកិច្ចព្រមព្រៀងទាក់ទងនឹងរបៀបនៃការដោះស្រាយទំនាស់រវាងវិនិយោគិនបរទេស និងរដ្ឋផងដែរ។

កតិកាសញ្ញានេះត្រូវបានបង្កើតឡើងអស់រយៈពេល ៩ឆ្នាំ។ កិច្ចចរចាបានបញ្ចប់នៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែដោយសារមានការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀត វាត្រូវបានបញ្ជូនទៅតុលាការយុត្តិធម៌អឺរ៉ុបដើម្បីធ្វើការត្រួតពិនិត្យ។ សេចក្តីសម្រេចរបស់តុលាការបានធ្វើឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបំបែកជាពីរផ្នែក គឺផ្នែកពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារវិនិយោគ ដាច់ដោយឡែកពីគ្នា ដែលនៅតែត្រូវការការផ្តល់សច្ចាប័នពីសភាជាតិ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងធ្វើឡើងតាមកិច្ចព្រមព្រៀងមួយដែលសហភាពអឺរ៉ុបបានចាប់ផ្តើមកាលពីដើមខែកុម្ភៈ ជាមួយជប៉ុន ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបដំបូងគេជាមួយនឹងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១០ប្រទេស។

សហភាពអឺរ៉ុប ដែលមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងនៅតែចាប់អារម្មណ៍ទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានទាំងមូល បន្ទាប់ពីកិច្ចចរចាត្រូវបានលុបចោលកាលពីឆ្នាំ ២០០៩។ ទន្ទឹមនឹងនេះដែរ ប្លុកនេះបានបញ្ចប់កិច្ចព្រមព្រៀងជាមួយវៀតណាម ដែលកំពុងតែចរចាជាមួយប្រទេសឥណ្ឌូណេស៊ី នឹងបានធ្វើកិច្ចចរចាជាមួយសមាជិកបីប្រទេសផ្សេងទៀត។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់សិង្ហបុរី សម្រាប់ទំនិញ និងសេវាកម្មសំខាន់ៗ។ ចំពោះសហភាពអឺរ៉ុបវិញ សិង្ហបុរីស្ថិតនៅលំដាប់ទី១៤ ក្នុងចំណោមដៃគូពាណិជ្ជកម្មសម្រាប់ទំនិញ និងលំដាប់ទី៤ សម្រាប់វិស័យសេវាកម្ម។ មានក្រុមហ៊ុនជាង ១.០០០ក្រុមហ៊ុននៅសហភាពអឺរ៉ុបដែលប្រើប្រាស់សិង្ហបុរីជាមជ្ឈមណ្ឌលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការដកពន្ធរបស់សហភាពអឺរ៉ុប ទៅលើទំនិញរបស់សិង្ហបុរីក្នុងរយៈពេល ៥ឆ្នាំ និងលុបចោលពន្ធគយរបស់សិង្ហបុរីសម្រាប់ការនាំចេញរបស់សហភាពអឺរ៉ុប។ វានឹងទទួលបានការទទួលស្គាល់នៅក្នុងសិង្ហបុរីនូវស្តង់ដារសហភាពអឺរ៉ុប នឹងការធ្វើតេស្តសុវត្ថិភាពទៅលើគ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងបន្លាស់រថយន្ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)