ផែនការព្យាយាមកាត់បន្ថយផលប៉ះពាល់ពី ជំងឺគ្រុនផ្តាសាយបក្សីដល់សង្គម និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើផែនការជាតិស្តីពីការបង្ការ និងការពារជំងឺគ្រុនផ្តាសាយបក្សីសម្រាប់ឆ្នាំ ២០១៩-២០២៥ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ទៅលើសង្គម និងសេដ្ឋកិច្ច។

ផែនការនេះមានគោលបំណងបង្ការ និងទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សី ព្រមទាំងជួយបង្កើតជាតំបន់បង្កបង្កើនដោយគ្មានជំងឺ ហើយកាត់បន្ថយផលប៉ះពាល់នៃជំងឺគ្រុនផ្តាសាយបក្សី ទៅលើសុខភាព សាធារណៈ សុវត្ថិភាពចំណីអាហារ និងសកម្មភាពពាណិជ្ជកម្មរបស់វៀតណាម។

កងកម្លាំងអាជ្ញាធរត្រូវបានស្នើសុំឱ្យធ្វើការគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺនេះ តាមរយៈការឃើញកាលពីពេលមុន នឹងធ្វើការដោះស្រាយបញ្ហាជំងឺនេះឱ្យបានយ៉ាងឆាប់រហ័ស ដើម្បីរារាំងកុំឱ្យវារីករាលដាល។ ផែនការនេះក៏ផ្តល់ភារកិច្ចដល់ពួកគេផងដែរក្នុងការទប់ស្កាត់ជំងឺគ្រុនផ្ដាសាយថ្មី និងគ្រោះថ្នាក់ពីការចូល ឬការរីករាលដាលនៅក្នុងប្រទេសវៀតណាម ខណៈដែលមានការចាក់វ៉ាក់សាំងយ៉ាងតិច ៨០ភាគរយនៃសត្វបក្សីដែលត្រូវទទួលការចាក់វ៉ាក់សាំង។

យោងតាមផែនការបានឱ្យដឹងថា លើសពីនេះទៀត តំបន់បង្កបង្កើនបក្សីដោយគ្មានជំងឺ ត្រូវបង្កើតឡើងស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យការផ្គត់ផ្គង់មានគុណភាពសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ព្រមទាំងកាត់បន្ថយការឆ្លងមេរោគគ្រុនផ្តាសាយមនុស្សដូចជា H5 ឬ H7 ជាដើម។

នៅប្រទេសវៀតណាម វីរុសគ្រុនផ្តាសាយបក្សី A/H5N1 ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅចុងឆ្នាំ ២០០៣ ។ នៅគ្រានោះ វៀតណាមជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេដែលប្រកាសពីការរាតត្បាតនៃវីរុសនេះ ហើយទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើសត្វមាន់ ទា ជាង ៤៥លានក្បាល ចាប់តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ ដែលមានសត្វមាន់ និងទា រាប់ពាន់ក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ មានមនុស្សចំនួន ១២៧នាក់បានឆ្លងជំងឺគ្រុនផ្តាសាយ A/H5N1 ដែលក្នុងនោះមានជនរងគ្រោះចំនួន ៦៤នាក់ដែលបានបាត់បង់ជីវិត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)