អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យ បានលឿន

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តជំរុញការងារ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ដីធ្លីស្របច្បាប់។

នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​កាលពីរសៀលថ្ងៃ​ព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ​បានជំរុញដល់​ក្រុម ការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល​ដៅ ឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋចូលរួមជិត២០០នាក់លោកលីសារីបានគូសបញ្ជាក់ថា អាជ្ញាធររដ្ឋបាលដីធ្លីបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូន​ដល់ប្រជាពលរដ្ឋព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដីដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ ​​ ជា​ឯកសារ​សម្អាង រឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ​យ៉ាង ច្រើន។

អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានថ្លែងថា តាងនាមឱ្យអាជ្ញាធរខេត្ត ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីដែលបានបង្កើតឱ្យមានការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ជាមួយនោះក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូន ប្រជាពលរដ្ឋនេះ។

លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលកំ ពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ក្នុងតំបន់គោលដៅមាននៅក្រុងសិរីសោភ័ណ, ស្រុកមង្គល បូរី​, ស្រុកព្រះនេត្រព្រះ​, ក្រុងប៉ោយប៉ែត និងស្រុកភ្នំស្រុក។

លោកបានបន្តឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាម​ដំណាក់ គឺការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដី​របស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

លោកបានឱ្យដឹងទៀតថា ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ នៅ​ខេត្តបន្ទាយមាន ជ័យ បានដំណើរការ​តាំងពី​ឆ្នាំ២០១២ ​ហើយ​មកទល់ពេលនេះ ធ្វើបាន​ប្រមាណ​ជាង១២ម៉ឺន ប័ណ្ណជូនដល់ប្រជាពលរដ្ឋ ​៕

ដោយ ឈុន សារ៉ាត