រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឲ្យស្ត្រីចេះសហការគ្នាក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំ

វិទ្យុជាតិកម្ពុជា​៖​ ជួន បូណា ៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យស្ត្រីក្រោមឪវ៉ាតក្រសួងព័ត៌មាន ត្រូវចេះសហការគ្នាក្នុងការបង្កើនសមត្ថភាពអោយខ្ពង់ខ្ពស់ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងអង្គភាពរបស់ខ្លួន និងសង្គមជាតិ។


ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រវត្ដិសមាគមន៍នារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ និងលទ្ធផលវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាស្រ្ដី ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មានប្រសាសន៍ថា នារីបានដើតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមិនអាចខ្វះបាន បន្ទាប់ពីនារីបានក្លាយជាថ្នាក់ដឹកនាំមានជាង៦០ភាគរយនៅកម្ពុជា។


ឯកឧត្តមបានបញ្ជាក់ថា ដោយសារនារីបានដើរតួនាទីយ៉ាងសំខាន់បែបនេះ នារីគួរតែពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសហការគ្នា ចងក្រងចំណេះដឹង និងជំនាញ ផ្ដល់ឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើអោយសមត្ថភាពរបស់នារីកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបានគាំទ្រនារីឲ្យក្លាយជាអ្នកដឹកនាំ នៅក្នុងក្រសួងព័ត៌មាន ដើម្បីចូលរួមកសាងអភិវឌ្ឍន៍អង្គភាព និងសង្គមជាតិ។
លោកស្រី សាន់ណារ៉ា ឡង់ឌី តំណាងសមាគមន៍នារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មានបានប្ដេជ្ញាចិត្ដក្នុងការបន្ដការសហការ និងសាមគ្គីជាមួយនារីនៃក្រសួងព័ត៌មាន សម្រាប់បង្កើនសមត្ថភាព ចំណេះដឹង និងជំនាញ ។ លោស្រីបន្ដថា នារីក្រសួងព័ត៌មានបន្ដធ្វើការងារ និងរៀបចំសិក្ខាជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពនារី ឲ្យមានភាពក្លាហាន ដើម្បីក្លាយជាអ្នកដឹងនាំ សម្រាប់ចូលរួមអភិវឌ្ឍន៍អង្គភាព និងប្រទេសជាតិ៕