មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំនៅឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍​នៅតែជា​កង្វល់​ដ៏ធំ​នៅ​ឡើយ ដោយសារតែអ្នកបើកបរយានយន្តមិនទាន់ប្តូរឥរិយាបថក្នុងពេលបើកបរនៅលើដងផ្លូវ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាទីស្តីការក្រសួងសាធារណការ និង​ដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ លោកជំទាវ មឹន មាណវី អគ្គលេខាធិការ​គណៈកម្មាធិការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ទំហំគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននៅតែបង្កឲ្យ មានមនុស្សស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ខណៈដែលស្ពានផ្លូវនៅគ្រប់ទី កន្លែង ត្រូវបានសាងសង់ខ្វាត់ខ្វែងសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន បម្រើឲ្យគ្រប់ផ្នែក គ្រប់វិស័យ នៃតម្រូវការរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។


លោកជំទាវ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាពេលបច្ចុប្បន្នច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាដើម។
ចំពោះបញ្ហាកង្វល់នេះអ្នកជំនាញជប៉ុន បានផ្តល់បទពិសោធន៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ លោក មីជីម៉ាសា តាកាជី (Michimasa Takagi) អតីតទីប្រឹក្សា ជាន់ខ្ពស់នៃកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់ភ្នាក់ងារសហប្រតិបត្តិការជប៉ុនអន្តរជាតិ ហៅកាត់ថា JICA ប្រចាំប្រទេសវៀតណាម បានលើកឡើងថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវធ្វើឡើងតាមរយៈការបណ្តុះទម្លាប់ឥរិយាបថសុវត្ថិភាព កុមារតាំងពីនៅវ័យកុមារភាព ហើយ ត្រូវអនុវត្តឲ្យបានតែបាន ហើយការអប់រំក៏មិនមែនធ្វើឡើងតែនៅក្នុងសាលារៀននោះដែរ ពោលគឺ ត្រូវធ្វើនៅក្នុងការរស់នៅជាប្រចាំថ្ងៃផងដែរ។ លោកបន្តថា ត្រូវចាប់បង្ខំឲ្យអ្នកបើកបរផ្ទាល់ ត្រូវអនុវត្តច្បាប់ តាមរូបភាព ពាក់មួកសុវត្ថិភាពរាល់ពេលបើកបរនិងជិះលើម៉ូតូ គោរពភ្លើងនិងស្លាកសញ្ញាចរាចរណ៍ ជាដើម។ទន្ទឹមនេះ ក៏ត្រូវកែសម្រួលស្ថានភាពផ្លូវដែលកោងខ្លាំងពេក ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
បើតាមលោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា វិធានការនានាដែលអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាធ្លាក់មកនៅទាបបំផុតនោះ គឺការរឹតបន្តឹងច្បាប់ចរាចរណ៍ទៅលើផ្នែកដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការប្រើទូរស័ព្ទក្នុងពេលបើកបរ ខណៈប្រជាពលរដ្ឋមិនទាន់ប្តូរឥរិយាបថឲ្យបានព្រមគ្នាលើការប្រើប្រាស់ផ្លូវ។
យោងតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៧៦១នាក់ក្នុងនោះគិតជាមធ្យមភាគមានអ្នកស្លាប់ប្រមាណ៥នាក់ ក្នុងមួយថ្ងៃ៕