កម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យកាន់តែរឹងមាំបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ៖


ប្រមុខការទូតកម្ពុជា លើកឡើងថា កម្ពុជាប្តេជ្ញាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យ និងឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបាននឹងកំពុងបោះជំហានទៅមុខយ៉ាងមាំមួន ជាមួយនឹងចំណងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំតាមរយៈគម្រោងអភិវឌ្ឍន៍នានា។
ការថ្លែងនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ
រវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើសកម្មភាពទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធី។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដថាកន្លងមកប្រទេសកម្ពុជាបានទទួលគម្រោងសរុបចំនួន ៣៥ ដែលមានវិសាលភាពគ្របដណ្តប់លើសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជាវិស័យកសិកម្ម ទេសចរណ៍ បច្ចេកទេសព័ត៌មានវិទ្យា អប់រំនិងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសាសនា ខណៈដែលគម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត ជិតត្រូវបានបញ្ចប់ ។
ឯកឧត្តម បន្ថែមទៀតថា នៅក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃទិន្នន័យ និងការច្នៃប្រឌិតថ្មីរបស់ពិភពលោក សមត្ថភាពនៃការចែករំលែក ចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ របស់ប្រទេសមេគង្គ និងចិន ដែលជាហេដ្ឋារចនាសម្ព័ន្ធទន់ បានជួយបំពេញយ៉ាងល្អទៅដល់ហេដ្ឋារចនាសម្ព័ន្ធរឹង ដែលត្រូវបានអនុវត្តក្រោមគម្រោងទ្វេភាគី និងពហុភាគីដទៃទៀត។
សូមបញ្ជាក់ថា គម្រោងរបស់កម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ដោយមានទឹកប្រាក់សរុបជាង៧.៦៦ដុល្លារអាមេរិក ដែលភាគច្រើនគ្របដណ្តប់លើសកម្មភាពទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធី។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុម័ត និងគាំទ្រផែ្នកហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន១៩ គាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ដែលនឹងជួយឲ្យកម្ពុជាមានភាពប្រសើរឡើងនូវ សុខុមាលភាពប្រជាជន ពង្រីកការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច